ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានថ្លែងថា ៖ «កន្លងមកនេះទំហំសេដ្ឋកិច្ច ខេត្តកំពង់ចាម ឆ្នាំ២០២៤ ទទួលបានទំហំសេដ្ឋកិច្ចជាង ២,៦០០លានដុល្លារ បើតាមការព្យាករណ៍រំពឹងថាសម្រាប់ឆ្នាំ២០២៥នេះទំហំសេដ្ឋកិច្ច អាចនិងកើនជាង ២,៨00 លានដុល្លារ ។ ទាំងនេះ គឺជាការខិតខំប្រឹងប្រែងរបស់យើង នាប៉ុន្មានឆ្នាំកន្លងមកនេះ យ៉ាងហោចណាស់ វាបានរួមចំណែកជំរុញឲ្យមានកំណើនសេដ្ឋកិច្ចរបស់ខេត្ត កាន់តែប្រសើរឡើង» ។ ឯកឧត្ដម ថ្លែងយ៉ាងដូច្នេះ នាឱកាស អញ្ជើញចូលរួមជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំប្រជុំសាមញ្ញលើកទី០៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ដែលរៀបចំឡើង នៅសាលប្រជុំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នេះ ។
ឯកឧត្ដម អភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ការកើនឡើងនូវកំណើនសេដ្ឋកិច្ច របស់ខេត្តកំពង់ចាម គឺកើតដោយសារកត្តា ៣សំខាន់ៗ គឺ ៖ ទី១.ការរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដែលបង្កលក្ខណៈងាយស្រួល និងអំណោយផល ដល់អ្នកវិនិយោគ មកវិនិយោគក្នុងខេត្តកំពង់ចាម ។ ទី២.ការផ្តល់សេវាសាធារណៈល្អ ដែលទទួលបានការពេញចិត្តពីប្រជាពលរដ្ឋ ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ នាពេលមកសុំសេវាផ្សេងៗ តាមរយៈ យន្តការណ៍ច្រកចេញចូលតែមួយ ដើម្បី ជួយកាត់បន្ថយការចំណាយក្រៅផ្លូវការ និងជួយបង្កើនចំណូលថវិកាជាតិ ។ និងទី៣.ការរក្សាបានស្ថេរភាពម៉ាក្រូ និងអតិផរណា ដែលរក្សាបានតម្លៃទំនិញ ទាំងកសិផល ត្រី សាច់ បន្លែ ផ្លែឈើ នៅក្នុងទីផ្សារ មិនមានការឡើងថ្លៃ ដែលបង្កជាក្តីបារម្ព ទៅដល់ប្រជាពលរដ្ឋ ផងដែរ ៕ បុរី