នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់តាំង លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ បានដឹកនាំ ក្រុមការងារ និងសហគមន៍សំបូរសែនជ័យ បាននាំយក បន្លែ សាច់ គ្រឿងទេស ថ្នាំពេទ្យ គ្រឿងឧបភោគបរិភោគ និងថវិកា បានមកពីបងប្អូនប្រជាសហគមន៍សំបូរសែនជ័យ ជូនដល់កងទ័ពជួរមុខយើងនៅយោធភូមិភាគទី២ និងកងពលតូចថ្មើរជើងលេខ២១ ដែលកំពុងឈរជើងនៅទិសទី៣ សមរភូមិទិសយោធភូមិភាគទី៤ ខេត្តឧត្តមមានជ័យ ដែលកំពុងឈររង់ចាំទទួលស្វាគមន៍យ៉ាងច្រើនកុះករ។

ស្ថិតក្នុងឱកាសនោះ លោក បាន ស្រេង បានផ្តាំផ្ញើរសួរសុខទុក្ខរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនចំពោះវីរភាព អង់អាច ក្លាហាន របស់កងទ័ពជួរមុខក្នុងភូមិសាស្ដ្រខេត្តឧត្ដមមានជ័យ ដែលកំពុងស្ថិតនៅជួរមុខការពារបូរណភាពទឹកដីប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃ។ដែលជានិច្ចជាកាល ឯកឧត្តម អភិបាលខេត្ត តែងតែមានការគាំទ្រ និងលើកទឹកចិត្តដល់កងទ័ពជួរមុខ ដែលឈរការពារបូរណភាពទឹកដី មិនអនុញ្ញាត ឱ្យកងទ័ពឈ្លានពាន មករំលោភលើបូរណភាពទឹកដីហើយ។

ឧត្តមសេនីយ៍ឯក មេបញ្ជាការទិសយោធភូមិភាគទី២ ក៏បានថ្លែងអំណរគុណ ឯកឧត្តម អភិបាលខេត្តកំពង់ចាម អភិបាលស្រុកស្ទឹងត្រង់ សហគមន៍សំបូរសែនជ័យ និងសប្បុរសជនទាំងអស់ ដែលបានជួយដល់បងប្អូនអ្នកសមរភូមិមុខ។ យ៉ាងណាក៏ដោយបងប្អូនប្រជាពលរដ្ឋខ្មែរសមរភូមិក្រោយ នឹងនៅកៀកកិតជិតបងប្អូនវរកងទ័ពយើងជានិច្ច។

ទន្ទឹមពេលនោះដែរ លោក បាន ស្រេង បានគោរពថ្លែងអំណរគុណ ចំពោះមេបញ្ជាការទិសទី៣ សមរភូមិទិសយោធភូមិភាគទី៤ ខេត្តឧត្តមមានជ័យ សូមឱ្យកងទ័ពរបស់យើងមានសុខភាពល្អកម្លាំងខ្លាំងខ្លា និងសូមអោយឈ្នះអស់មាសត្រូវ ក្នុងការការពារបូរណភាពទឹកដី។

លោក បាន ស្រេង អភិបាលស្រុក នាំយកអំណោយស្បៀង និងសម្ភារៈ ព្រមទាំងថវិកាមួយចំនួន រួមមាន៖ សៀងឆា ១០០គីឡូ, ថ្នាំពេទ្យ, ត្រីងៀត ៥០គីឡូ, ត្រសក់ស្រស់ ១០០គីឡូ , ស្លឹកគ្រៃ ៥០គីឡូ, បន្លែស្លឹក ៥០គីឡូ ,ខ្ទឹមបារាំង ៧០គីឡូ, ត្រប់វែង ៦០គីឡូ, ទឹកសុីអុីវ ២០យួរ, ទឹកសុទ្ធ ៦០កេស និង១៥០យួរ, មីជាតិ ៦៥កេស, អង្ករ ៥បេ, ជ្រូក ២ក្បាល, ធូបមូស ១០សុង, និងថវិកា ២,០០០,០០០៛ ជូនដល់កងទ័ព នៅយោធភូមិភាគទី២ និងកងពលតូចថ្មើរជើងលេខ២១ ឈរជើងនៅទិសទី៣ សមរភូមិយោធភូមិភាគទី៤ នៅខេត្តឧត្ដរមានជ័យ៕