(កំពង់ចាម) ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ នេះ បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួម ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធី ZOOM ។ សូមបញ្ជាក់ថាកិច្ចប្រជុំនោះធ្វើឡើង ដើម្បី ពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖១-សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ ២- សេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។ ៣- របាយការណ៍វឌ្ឍនភាពនៃការរៀបចំអនុវត្តកម្មវិធីផ្ដល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ ៤-បញ្ហាផ្សេងៗ។
(កំពង់ចាម) កម្លាំងអាវុធហត្ថខេត្តកំពង់ចាម បានបង្រ្កាបករណីក្មេងទំនើង (ជិះម៉ូតូប្រើប្រាស់បំពង់ស៊ីម៉ាំងម៉ូតូកែច្នៃបំពងសំឡេងឮៗ) នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ មន្ត្រីអាវុធហត្ថបានឲ្យដឹងថា នៅថ្ងៃកើតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំពង់សៀម បានចុះល្បាតក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ទៅដល់ចំណុចភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម បានឃើញក្មេងទំនើងម្នាក់កំពុងប្រព្រឹត្តសកម្មភាពជិះម៉ូតូ០១គ្រឿង ម៉ាក វេវពណ៌សស្លាកលេខកំពង់ចាម1M 1615ជិះម៉ូតូប្រើប្រាស់បំពង់សុីម៉ាំង កែច្នៃខុសបច្ចេកទេសបំពងសំឡេងរ៉ូលាន់រំពង ធ្វើឲ្យមានការរំខានដល់ប្រជាពល រដ្ឋនៅក្នុងភូមិ។ ភ្លាមនោះកម្លាំងយើងបានហៅឱ្យឈប់ដើម្បីធ្វើការសួរនាំ។ ជាលទ្ធផល បានហៅអ្នកបើកបរម៉ូតូ០១នាក់ ឈ្មោះ វង្ស យូលី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សសាលា រស់នៅភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានធ្វើការអប់រំ និងឲ្យអាណាព្យាបាលមកធានា ឲ្យវិលទៅលំនៅឋានវិញ។ចំណែកវត្ថុតាងម៉ូតូ០១គ្រឿងខាងលើត្រូវបានរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរយះពេល៣ខែ ។
(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃវិជ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះល្បាតធ្វើរដ្ឋបាលជំហរ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។ មន្ត្រីអាវុធហត្ថបានអ្នកដឹងថា ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឱ្យកម្លាំងសមត្ថកិច្ចយើងធ្វើរដ្ឋបាលជំហរ ចុះល្បាតដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ មន្ត្រីដដែលបានបញ្ជាក់ថា ចាប់ពី ល្ងាចថ្ងៃទី២៣-០១-២០២៥ ដល់ម៉ោង ២០”០០នាទីថ្ងៃដដែល កម្លាំងកងរាជអាវុធហត្ថខេត្តបានធ្វើសកម្មភាពចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលចុះធ្វើរដ្ឋបាលចំហរចល័តតាមដងផ្លូវនោះ សមត្ថកិច្ចអាវុធហត្ថ មិនបានជួបប្រទះបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះទេ។
កំពង់ចាម) មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ចាម នៅថ្ងៃទី ២៣ ខែមករាឆ្នាំ ២០២៥ បានចុះពិនិត្យ ការដាក់តាំងលក់សាច់សត្វលើទីផ្សារ។ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា មន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយមន្ត្រីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍នៃរដ្ឋបាលក្រុងកំពង់ចាម ទទួល បន្ទុកការងារផលិតកម្ម និងបសុព្យាបាល និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកព្រៃឈរ ស្រុកជើងព្រៃ ស្រុកចំការលើ ស្រុកកងមាស ស្រុកស្រីសន្ធរ ស្រុកកោះសូទិន និងស្រុកកំពង់សៀម ដែលទទួលបន្ទុកការងារផលិតកម្ម និងបសុព្យាបាលស្រុក បានចុះត្រួតពិនិត្យសុខភាពសត្វមុនពេលពិឃាត និងអូសត្រាលើផ្ទាំងសាច់ក្រោយពេលពិឃាត ព្រមទាំងបានចុះត្រួតពិនិត្យ តាមដានការដាក់តាំងលក់សាច់សត្វ និងផលិតផល ដែលមានដើមកំណើតពីសត្វ នៅ តាមទីផ្សារនានាក្នុងខេត្តកំពង់ចាម។
ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ឯកឧត្តម វេជ្ជបណ្ឌិត គីមសួរ ភីរុណ បានផ្ដល់បទសម្ភាសន៍ជា មួយក្រុមការងារវិទ្យុជាតិកម្ពុជា និងមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ស្ដីពីវឌ្ឍនភាពឆ្នាំរយៈពេលពេញមួយឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។ ឆ្លើយតបទៅនឹងសំណួររបស់វិទ្យុជាតិកម្ពុជា ឯកឧត្តម វេជ្ជបណ្ឌិត គីមសួរ ភីរុណ បានគូសបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ចាម មានមន្ទីរពេទ្យបង្អែកខេត្ត ចំនួន ១ និងមន្ទីរពេទ្យបង្អែកស្រុកចំនួន៨ មណ្ឌលសុខភាពចំនួន ៩៦ កន្លែង និងប៉ុស្តិ៍សុខភាពចំនួន ៤ កន្លែង។ ក្នុងឆ្នាំ២០២៤ កន្លងទៅ មន្ទីរបានសម្រេចបានការងារជាច្រើនក្នុងការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដូចជា ការពិនិត្យពិគ្រោះជំងឺក្រៅ ,ជំងឺសម្រាកពេទ្យ សម្រាលកូននៅមូលដ្ឋានសុខាភិបាល ,ពិនិត្យ ពិគ្រោះយោបល់ស្ត្រីមានផ្ទៃពោះ និងការមកទទួលវ៉ាក់សាំងរបស់កុមារជាដើម។ ឯកឧត្តមបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៥ នេះ មន្ទីរសុខាភិបាលខេត្តកំពង់ចាមបានដាក់ ចេញផែនការជាច្រើន ដើម្បីធានាសុខមាលភាពសាធារណៈប្រជាជនក្នុងខេត្តដូចជា៖កែលម្អហេដ្ឋារចនាសម្ព័ន្ធ (ជួសជុល និងសាងសង់ថ្មី) ,បំពាក់ឧបករណ៍សម្ភារៈពេទ្យទៅតាមស្តង់ដារ , បំពេញបន្ថែម […]
កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានណែនាំដល់អាជ្ញាធរក្រុង ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់សហការគ្នាជាមួយមន្ត្រីអប់រំ ចុះត្រួតពិនិត្យទប់ស្កាត់ការលក់ដូរចំណីអាហារគ្មានសុវត្ថិភាពនៅតាមសាលារៀន និងគ្រឹះស្ថានសិក្សានានា ដេីម្បីលេីកកម្ពស់សុខភាពសិស្ស ពិសេសត្រូវបង្ក្រាបក្រុមក្មេងទំនើងគេចសាលាផងដែរ ការថ្លែងបែបនេះក្នុងឱកាសបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសំណូមពរដល់មន្ទីរអប់រំ ខេត្ត ធ្វើយ៉ាងណាត្រូវលើកកម្ពស់ថែមទៀតនូវគុណភាពអប់រំនៅគ្រប់ភូមិសិក្សា ដោយយកចិត្តទុ កដាក់ ជាពិសេសការអនុវត្តកម្មវិធីសាលាកុមារមេត្រី ដើម្បីបណ្តុះបណ្តាលយុវវ័យជំនាន់ក្រោយ ប្រកបដោយ សមត្ថភាពរីកចម្រើន។ និងពង្រឹង-ពង្រីកថែមទៀតនូវបរិមាណអប់រំ ដោយយកចិត្ត ទុកដាក់ក្នុងការប្រមូល កុមារដល់វ័យសិក្សាឲ្យចូលរៀន ជាពិសេសកុមាដែលជួបការលំបាក និង កុមារជនជាតិភាគតិច ក៏ដូចជាកុមារពិការ ឲ្យមានឱកាស បានចូលរៀនគ្រប់ៗគ្នា ។ ព្រមទាំងបន្តកា រលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ពង្រឹងការងារគ្រប់គ្រង ការពិនិត្យតាមដាន និងវាយតម្លៃផ្សារ ភ្ជាប់នឹងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេន និងការពង្រាយគ្រូទៅកន្លែង ដែលខ្វះ គ្រូឲ្យបានសមស្របផងដែរ ។ […]
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចង្អុលណែនាំដល់កម្លាំងជំនាញនគរបាលចរាចរណ៍ បន្ដយកចិត្តទុកដាក់ខ្ពស់លើការរៀបចំសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ពិសេសការផ្សព្វផ្សាយច្បាប់ដល់អ្នកប្រើប្រាស់ផ្លូវ សូមឱ្យមានប្រុងប្រយ័ត្នខ្ពស់ នៅថ្ងៃបុណ្យចូលឆ្នាំ ចិន-វៀមណាម ខាងមុខនេះ នៅថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក/ក្រុង បន្តចុះរៀបចំសណ្តាប់ធ្នាប់ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ នៅចំណុចដើមទី ទីប្រជុំជន ចំណុចប្រឈមការកកស្ទះ និងនៅចំណុចភ្លើងស្តុប ដល់បងប្អូនអ្នកប្រើប្រាស់ផ្លូវឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេស នារដូវបុណ្យចូលឆ្នាំប្រពៃណី ចិន-វៀតណាម ខាងមុខនេះ សូមឱ្យមានការប្រុងប្រយ័តខ្ពស់ កុំធ្វេសប្រហែសក្នុងការបើកបរ កុំបើកបរក្នុងស្ថានភាពស្រវឹង បើកបរដោយគោរព ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ និងការបញ្ជាទិសរបស់នគរបាលចរាចរណ៍ ។ល។ ជាមួយគ្នានេះ កម្លាំងជំនាញក៏បានជួយសម្រួលចរាចរណ៍ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀនជាប់ជាប្រចាំ ផងដែរ៕
ក្រុងកំពង់ចាម, សេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងកំពង់ចាម ស្ដីពីការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណ:ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម នាពេលខាងមុខនេះ ។ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃអង្គារ ១៥ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ដល់ថ្ងៃ សុក្រ ៣ កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨-៣១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ រដ្ឋបាល ក្រុងកំពង់ចាម សូមធ្វើការណែនាំដល់មន្ទីរ អង្គភាព ការិយាល័យចំណុះរដ្ឋបាលក្រុង សង្កាត់ទាំងបួន អង្គការក្រៅ រដ្ឋាភិបាល សមាគមន៍ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន និងសាធារណជន ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំ កិច្ចប្រជុំស្ដីពីវឌ្ឍនភាពនៃកម្មវិធីអុកស៊ីសែនវិជ្ជសាស្រ្តដើម្បីធានាអោយបាននិរន្តរភាពនៃខ្សែចង្វាក់ផ្គត់ផ្គង់ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ កិច្ចប្រជុំនេះធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម។
ឯកឧត្តម ស្រី សុភ័ក្រ អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញផ្ដល់បទសម្ភាសន៍ជាមួយក្រុមការងារវិទ្យុជាតិកម្ពុជា និងមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ស្ដីពីវឌ្ឍនភាពឆ្នាំរយៈពេលពេញមួយឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលប្រជុំ សាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។ ឆ្លើយតបទៅនឹងសំណួររបស់វិទ្យុជាតិកម្ពុជា ឯកឧត្តមអភិបាលរងខេត្ត បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម នៅក្នុងឆ្នាំ២០២៤ សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ដូចជា វិស័យសេវាកម្ម វិស័យកសិកម្ម ឧស្សាហកម្ម ជាដើម ដែលជួយជម្រុញអោយសេដ្ឋកិច្ចខេត្តកំពង់ចាម កាន់តែរីកចម្រើនថែមទៀត។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ខេត្តកំពង់ចាម បច្ចុប្បន្នកំពុងតែអនុត្តគម្រោង សាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម បន្ទាប់ពីគម្រោងនេះសាងសង់បញ្ចប់ ក្រុងកំពង់ចាម នឹងបញ្ចៀសបានការជន់លិចដោយសារទឹកភ្លៀង និងមានការបែងចែកច្បាស់លាស់រវាងប្រព័ន្ធលូរំដោះទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់ដែលគម្រោងនេះនឹងជួយការការពារបរិស្ថានប្រកបដោយនិរន្តភាព នេះជា សក្ខីភាពថ្មីមួយដែលបង្ហាញពីការគិតគូរ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។ ក្នុងនោះផងដែរ […]