រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

តំបន់ទេសចរណ៏

រមណីយដ្ឋាននេះស្ថិតនៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ មានចម្ងាយប្រមាណ៤២ គ.មពីទីរួមខេត្ត ហើយមានចម្ងាយ៨០០ម បត់ពីផ្លូវទៅកាន់រមណីយដ្ឋានទឹកឆា។  រមណីយដ្ឋាននេះគ្របដណ្តប់លើផ្ទៃដីជាង១៥ ហិកតា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៧។ ដំបូងឡើយទីកន្លែងនេះគឺជាទីតាំងចិញ្ចឹមត្រីតែប៉ុណ្ណោះ ក្រោយមកម្ចាស់កសិដ្ឋាននេះបានរៀបចំកន្លែងចិញ្ចឹមសត្វ  និងត្រីសម្រាប់បម្រើជូនភ្ញៀវទេសចរ  និងមានអាហារដ្ឋានមួយកន្លែងទៀតផង។ នៅក្នុងរមណីយដ្ឋាននេះសត្វ និងត្រីជាប្រភេទរួមមានៈ  ជ្រូកព្រៃ ក្ងោកប៉ៃលិន ក្រពើ អូទ្រីស ទោច ខ្លាឃ្មុំ មាន់ព្រៃ ។ល។

រមណីយដ្ឋានទឹកឆាស្ថិតនៅភូមិថ្មី  ឃុំក្រូច  ស្រុកព្រៃឈរ  មានចម្ងាយប្រហែល ៤២គ.ម ពីទីរួមខេត្តកំពង់ចាម ។ តំបន់នេះមានសក្តានុពលទាក់ទាញរួមមានប្រាសាទបុរាណ និងធារាសាស្ត្រសម្រាប់ស្រោចស្រពដីស្រែកសិកម្មភាគច្រើននៃភ្ញៀវទេសចរ គឺនិយមទៅមុជទឹកដ៏ថ្លាយង់ដែលហូរផុសចេញពីប្រភពទឹកនៅក្នុងដីពិតៗតែម្តង។ នៅទីនោះក៏មានវារីអគ្គិសនីតូចមួយ ដែលស្ថាបនាឡើងនៅពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០០៣ ដោយជំនួយថវិកាពីរាជរដ្ឋាភិបាលជប៉ុន។ នៅលើមាត់បឹងនេះមានប្រាសាទបុរាណមួយឈ្មោះប្រាសាទព្រះធាតុទឹកឆា ដែលស្ថាបនាដោយព្រះមហាក្សត្រសូរិយាវរ្ម័នទី១ នៅគ.ស១០២៥ ដោយផ្អែកលើសិលាចារឹកដែលបានរកឃើញដោយក្រុមអ្នកស្រាវជ្រាវ និងយកទៅរក្សាទុកនៅក្នុងសារមន្ទីរជាតិភ្នំពេញ។

ភ្នំហាន់ជ័យមានឈ្មោះជាផ្លូវការថាភ្នំជ័យគិរីដែលមានទីតាំងស្ថិតនៅទិសខាងកើតនៃខេត្តកំពង់ចាម និងប៉ែកខាងលិចទន្លេមេគង្គ ។ ភ្នំនេះមានកំពស់ ៦៣ម៉ែត្រ ស្ថិតនៅក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានចម្ងាយ ១៨គ.ម តាមផ្លូវទឹក និងតាមផ្លូវគោកមានចម្ងាយ ២០គ.ម ពីទីរួមខេត្តកំពង់ចាម ។ នៅលើភ្នំនេះមានព្រះវិហារ និងប្រាសាទគុកខាងត្បូង ស្ថាបនាឡើងអំពីឥដ្ឋតាន់បុរាណ ដែលមានទំហំ ៧ម៉ែត្របួនជ្រុង និងកំពស់ ១២ម៉ែត្រ កសាងឡើងក្នុងសតវត្សទី៧ ក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី ១ បច្ចុប្បន្នប្រាសាទនេះមានលក្ខណៈទ្រុឌទ្រោមទៅហើយ។

ប្រាសាទនគរបាជ័យគឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រដែលស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ប្រាសាទនេះមានចម្ងាយ ២គ.ម ពីទីរួមខេត្តកំពង់ចាម និងមានចម្ងាយ ១២២គ.ម ពីរាជធានីភ្នំពេញ។  ប្រាសាទនេះត្រូវបាន     កសាងឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ នៅក្នុងរចនាបថបាយ័នហើយឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។

ភ្នំប្រុស-ភ្នំស្រីជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ មានទីតាំងស្ថិតនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខាងលិចក្រុងកំពង់ចាមចម្ងាយ ៧គ.ម ខាងជើងផ្លូវជាតិលេខ៧។ រមណីយដ្ឋាននេះមានរឿងរ៉ាវជាប់ទាក់ទង និងរឿងព្រេងបុរាណខ្មែរគឺ រឿងភ្នំប្រុសភ្នំស្រី។  វត្តភ្នំប្រុស​មានឈ្មោះផ្លូវការថាវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ហើយនៅខាងឆ្វេងដៃមានភ្នំមួយទៀតមានកម្ពស់ប្រហែល១០០ម ដែលមានកំពូលស្រួច ហៅភ្នំស្រី។ ភ្នំប្រុសទាបជាងភ្នំស្រីដែលមានកម្ពស់ប្រហែល៣០ម។ ភ្នំស្រីមានកំពូលសួ្រច​ អាចឡើងបានតាមជណ្តើរ៣០៨កាំ។