មន្ទីរកិច្ចការនារីខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២៥ នេះ បានប្រារព្ធខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨មិនា ២០២៥ ក្រោមប្រធានបទ « សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប » ក្រោមអធិបតីភាព លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងលោកជំទាវ អៀម វណ្ណីសមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក នៅឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

លោកជំទាវ ប៉ាង ដានី មានប្រសាសន៍ថា យុទ្ធនាការទិវាអន្តរជាតិនារី៨មីនា គឺជាព្រឹត្តិការណ៍ជាសកល ដែលមហា   សន្និបាត នៃអង្គការសហប្រជាជាតិ បានប្រកាសជាទិវាស្តីពីសិទ្ធិស្រ្តី និងសន្តិភាពពិភពលោក ចាប់តាំងពីឆ្នាំ១៩៧៧ ។ហើយជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា បានរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពសមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា និងបង្ហាញពីកាប្តេជ្ញាចិត្ត មានវិធានការវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូប ។

នាឱកាសនោះ លោកជំទាវ អភិបាលរងខេត្ត ក៏បានកោតសរសើរដល់មន្ទីរកិច្ចការនារីខេត្តកំពង់ចាម   ដែលបានរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា នេះឡើង ក៏ដូចជាចូលរួមចំណែកជាមួយនារីនៅទូរទាំងប្រទេស ក្នុងគោលបំណង ដើម្បីបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាន និងការអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការរពង្រឹងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា ។និយាយដោយឡែក  ជាពិសេសបងប្អូនកូនក្មួយនារីគ្រប់ថ្នាក់នៅក្នុងខេត្តកំពង់ចាម  ត្រូវធានាបានលើការលើកកម្ពស់ផលជះជាវិជ្ជមាន  និងទាញយក   អត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រីកសហគមន៍ និងវឌ្ឍនភាពសង្គម ជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាព សង្គម ប្រកបដោយចីរភាពនាពេលអនាគត ៕