ដោយមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម បានណែនាំដល់ម្ចាស់អាជីវកម្មម៉ូតូ រថយន្ត ឬរថភ្លើងអគ្គីសនីជួលសម្រាប់កុមារជិះលេងកំសាន្តនៅតាមទីសាធារណៈ ចំនួន ៤ចំណុចដើម្បី រក្សាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់នៅទីសាធារណៈ។


ថ្លែងយ៉ាងដូច្នេះ នាឱកាសដែលឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ សម្រេចលើការស្នើសុំសេវា ស្នើសុំបើកថ្មី អាជ្ញាប័ណ្ណទេសចរណ៍ អាជីវកម្មជួលម៉ូតូ រថយន្ត ឬរថភ្លើងអគ្គីសនី សម្រាប់កុមារ ដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម។


ឯកឧត្តម ស្រី សុភ័ក្ត្រ មានប្រសាសន៍បន្តថា ដើម្បីរក្សាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់នៅទីសាធារណៈ សូមម្ចាស់ អាជីវកម្មម៉ូតូ រថយន្ត ឬរថភ្លើងអគ្គីសនីជួលសម្រាប់កុមារ គោរពឲ្យបាននូលលក្ខខណ្ឌ ៤ចំនុចដូចខាងក្រោម៖
១. ត្រូវបំពេញបន្ថែមនូវលក្ខខណ្ឌឲ្យស្របនឹងច្បាប់ ដោយចេញប័ណ្ណបណ្តោះអាសន្នអនុញ្ញាតឲ្យប្រើទីតាំងសា ធារណៈតាមការរៀបចំរបស់អាជ្ញាធរក្រុង/សង្កាត់ ប៉ុន្តែនៅថ្ងៃអនាគតម្ចាស់អាជីវកម្មត្រូវមានទីតាំងដោយខ្លួនឯង។ ចំពោះទីតាំងសាធារណរបស់រដ្ឋ គឺរដ្ឋមានសិទ្ធដកហូតត្រឡប់មកវិញតាមការចាំបាច់។
២. ត្រូវបានកំណត់ចំនួនម៉ូតូ រថយន្តអគ្គិសនី តាមការព្រមព្រៀងគ្នាជាមុន
៣. ត្រូវចូលរួមពង្រឹងការងារសុវត្ថិភាព និងសណ្តាប់ធ្នាប់ ដូចជាតម្រូវអោយមានមួកសុវត្ថិភាពជូនអតិថិជន, ត្រូវមាន ការគ្រប់គ្រងមិនឲ្យជិះប្រសេចប្រសាច បង្កអោយបាត់បង់សណ្តាប់ធ្នាប់ បង្កការរំខានដល់អ្នកទេសចរណ៍ផ្សេងទៀត និងមិនអនុញ្ញាតឲ្យជិះចុះមកផ្លូវថ្នល់ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។
ទី៤. ត្រូវធានាអោយបាន មិនបង្កការរំខានដល់អ្នកដំណើរកម្សាន្ត ឬអ្នកហាត់ប្រាណតាមទីសាធារណៈផងដែរ។