(កំពង់ចាម) កម្លាំងសមត្ថកិច្ចនគរបាលស្រុកកោះសូទិន បានបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាងមួយចំនួននៅចំណុចទីតាំងខារ៉ាអូខេយីហោពង្រកើត ស្ថិតក្នុងភូមិពង្រកើត ឃុំពង្រ ស្រុកកោះសូទិន នាថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៥ ។

អភិបាលស្រុកកោះសូទិន លោក យី វណ្ណៈ បានឲ្យដឹងថា នៅថ្ងៃកើតហេតុវេលាម៉ោង ២០ និង ៣០ នាទី សមត្ថកិច្ចយើងបានទទួលព័ត៌មានពីម្ចាស់ទីតាំងថា មានមុខសញ្ញាកំពុងជួញដូរថ្នាំញៀនបានចូលមកច្រៀងកំសាន្តនៅចំណុចកើតហេតុខាងលើ ។

ក្រោយពីបានទទួលព័ត៌មានភ្លាមកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពង្រ ដឹកនាំដោយលោក វរសេនីយ៍ឯក អុឹម ឃឿន អធិការនគរបាលស្រុកកោះសូទិន បានចុះទៅដល់ចំណុចខាងលើ និងបានឃើញមុខសញ្ញាសង្ស័យចំនួន ០២នាក់ប្រុស ពេលនោះសមត្ថកិច្ចយើង ក៏បានចូលទៅធ្វើការសួរនាំ ប៉ុន្តែមុខសញ្ញាសង្ស័យចំនួន ០១នាក់ បានដឹងខ្លួនមុនក៏បានប្រះរត់គេចខ្លួនចូលព្រៃបាត់ ។ បន្ទាប់មកសមត្ថកិច្ចយើង ក៏បានឆែកឆេរមុខសញ្ញាសង្ស័យចំនួន ០១នាក់ទៀត និងបានរកឃើញវត្ថុតាង ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៣កញ្ចប់* ។

លោក អភិបាលស្រុកបានបន្តថា ដោយមានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ភ្លាមនោះសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ មានទីលំនៅភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០៣កញ្ចប់។

លោកអភិបាលស្រុកបានបញ្ជាក់ថា ករណីខាងលើសមត្ថកិច្ចយើងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៣កញ្ចប់ និងសម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចបានបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។