
ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២៥ ឯកឧត្តម ហេង វណ្ណី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុនវៀតណាម Timber Phoenix ដឹកនាំដោយឯកឧត្តម ច័ន្ទ សូរិកាន អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ. លោកស្រី គីម វីង នាយិកាក្រុមហ៊ុន Timber Phoenix និងមានការចូលរួមពី ប្រធានសភាពាណិជ្ជកម្មខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ តំណាងម្ចាស់អាជីវកម្មជ័រកៅស៊ូ និងគ្រាប់ស្វាយចន្ទីជាច្រើនរូបទៀតផងដែរ។
ក្នុងជំនួបដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម ឯកឧត្តម ហេង វណ្ណី បានសម្តែងការស្វាគមន៍ចំពោះក្រុមហ៊ុនវៀតណាម Timber Phoenix ក្នុងដំណើរទស្សនកិច្ចមកកាន់ខេត្តកំពង់ចាម ដើម្បីសិក្សាឈ្វេងយល់ពី សក្តានុពល វិស័យកសិកម្ម ជាពិសេសក្នុងគោលបំណងស្វែងរកដៃគូពាណិជ្ជកម្មលើផលិតផលជ័រកៅស៊ូ និងគ្រាប់ស្វាយចន្ទី នៅក្នុងខេត្តកំពង់ចាម។
ឯកឧត្តម ច័ន្ទ សូរិកាន អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានសម្តែងនូវការអបសាទរ និងកោតសរសើរចំពោះការរីកចម្រើនរបស់ខេត្តកំពង់ចាមនាពេលបច្ចុប្បន្ន។ ឯកឧត្តម មានប្រសាសន៍បន្តថា តាមរយៈជំនួបពិភាក្សានាពេលនេះនឹងបានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ពាណិជ្ជករកម្ពុជា-វៀតណាម បានស្គាល់គ្នា និងធ្វើពាណិជ្ជកម្មដោយរលូន លើវិស័យកសិឧស្សាហកម្ម និងពាណិជ្ជកម្មផ្សេងៗទៀតផងដែរ។
ឯកឧត្តមអភិបាលរងខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ខេត្តកំពង់ចាមជាខេត្តមួយដែលមានសក្តានុពលលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម ជាពិសេសផលិតផលជ័រកៅស៊ូ និងគ្រាប់ស្វាយចន្ទី។ ដំណាំកៅស៊ូជាដំណាំកសិឧស្សាហកម្ម ដែលមានសក្តានុពល សម្រាប់ធ្វើការនាំចេញបន្ទាប់ពីដំណាំស្រូវ ស្វាយចន្ទី និងដំឡូងមី ដែលមានផ្ទៃដីដាំដុះសរុប ២៨.៨០៧ហិចតា ជាមួយនិងបរិមាណផល ២៩.៤៧៩តោន ក្នុងនោះមាន កៅស៊ូគ្រួសារមាន ២១.៤០០ហិចតា និងកៅស៊ូក្រុមហ៊ុនមានចំនួន ៧.៤០៨ហិចតា។ ចំពោះស្វាយចន្ទីជាដំណាំ កសិឧស្សាហកម្ម ដែលមានសក្តានុពល សម្រាប់ធ្វើការនាំចេញ បន្ទាប់ពី ដំណាំស្រូវ ដំឡូងមី និងកៅស៊ូ ដែលមានផ្ទៃដីដាំដុះសរុប ៤៦.៥៨២ហិចតា ជាមួយនឹងបរិមាណផល ៥៧.៩៣៣តោន ក្នុងនោះមានស្រុកចំនួន៤ ដែលមានសក្តានុពលសម្រាប់ដំណាំស្វាយចន្ទីមាន៖ ស្រុកចំការលើ ស្ទឹងត្រង់ កំពង់សៀម និងស្រុកព្រៃឈរ។
សូមជម្រាប់ជូនផងដែរថា ក្រុមហ៊ុន Timber Phoenix បានបង្កើតឡើនដំបូងនៅឆ្នាំ១៩៦០ ដែលផ្តោតសំខាន់លើការកែច្នៃឈើ និងផ្គត់ផ្គង់គ្រឿងសង្ហារឹម។ នៅឆ្នាំ២០១៥ ក្រុមហ៊ុនបានពង្រឹកវិសាលភាពរបស់ខ្លួនលើវិស័យ កសិកម្ម និងកសិឧស្សាហកម្ម ជាពិសេសផលិតផលជ័រកៅស៊ូ និងគ្រាប់ស្វាយចន្ទីរ រហូតមកដល់ពេលបច្ចុប្បន្ន។



