ស្រុកស្ទឹងត្រង់,នៅព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ លោក​ ប៉ែន​ ម៉ារឌី​ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកស្ទឹងត្រង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្ពបតាងួន បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈដែលបានរៀបចំឡើង នៅវត្តសន្ធររាំង្សីស្ថិតនៅភូមិអន្លង់សំឡី ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងមានការអញ្ចើញចូលរួមពីអាជ្ញាធរស្រុក ឃុំ សមាជិកសមាជិកា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ដោយមានការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ឯកឧត្តម ហួត ហាក់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងដោយទទួលបានការណែនាំពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមតម្រូវឳ្យថ្នាក់ដឹកក្រុមការងាររាជរដ្ឋាភិបាលទាំងអស់ ចុះជួបបងប្អូនប្រជាពលរដ្ឋ ដើម្បីស្វែងរកដំណោះស្រាយ បញ្ហាប្រឈម របស់បងប្អូនប្រជាពលរដ្ឋមួយចំនួននៅក្នុងមូលដ្ឋានសំដៅឆ្ពោះ ទៅការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក៏ដូចជា ការលើកកម្ពស់គុណភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពប្រសើរឡើង ។

ក្នុងវេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរក្នុងមូលដ្ឋានមួយចំនួនដល់ក្រុមការងារចុះមូលដ្ឋានដើម្បីរកដំណោះស្រាយ និងសុំយោបល់។ វេទិកានេះបានជជែកពិភាក្សាយ៉ាងផុសផុលលើការឆ្លើយតប និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋមូលដ្ឋាន ក៏ដូចជាផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល ដែលសម្រេចបាន និងកំពុងអនុវត្ត ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាបកាន់តែច្បាស់ ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរ៕