នៅព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប ប្រគុំតន្ត្រីខ្នាតធំ តាំងពិពណ៌ និងអុចកាំជ្រួច អបអរថ្ងៃចេញព្រះវស្សា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមជាគណៈអធិបតី ពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម និងដោយមានការចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១០ និងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅសាលប្រជុំសាលាខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ ធ្វើយ៉ាងណាត្រូវសហការគ្នា ដេីម្បីពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅក្នុងក្រុងកំពង់ចាម ឲ្យបានល្អប្រសើរ ពោលគឺត្រូវបង្កលក្ខណៈងាយស្រួល ទាំងមានសុវត្ថិភាព ក្នុងអំឡុងពេលអបអរសាទរនូវព្រឹត្តិការណ៍ខាងលើនេះ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកចូលរួមក្នុងការទស្សនាកម្សាន្តដោយសប្បាយរីករាយផងដែរ ។
គូសបញ្ជាក់ថា ពិធីប្រណាំងទូក ក្នុងក្របខណ្ឌខេត្តកំពង់ចាម ដើម្បីអបអរពិធីបុណ្យចេញព្រះវស្សាខាងមុខនេះ ទូកខ្នាតវែង និងទូកខ្នាតអន្តរជាតិ ដែលក្រៀមចូលរួមប្រណាំង មានសរុប ៥០ទូក មកពី ក្រុង ស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម ។ ក្នុងនោះទូកខ្នាតអន្តរជាតិមាន ៣១ ទូក និងទូក «ង» ខ្នាតវែងមាន ១៩ទូក និងមានកីឡាករ កីឡាការិនី សរុបជាង ២,០០០ នាក់ ចូលរួមប្រកួតប្រជែង និងកីឡាករបម្រុងជាង ៤០០ នាក់ផងដែរ ៕