កំពង់ចាម, នាព្រឹកថ្ងៃចន្ទ ១០ រោច ខែជេស្ឋ ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុង ទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ ឆ្នាំ២០២៤ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ស្ថិតនៅតំបន់បឹងធំ ឃុំមៀន ស្រុកព្រៃឈរ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជាង៥.០០០នាក់។

ពិធីនេះប្រារព្ធឡើងដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ហើយជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ។ ក្រសួងកសិកម្មរៀបចំ ទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ដែលត្រី មេពូជ កូនត្រី និងវារីសត្វសរុបជាង ២០ប្រភេទ ចំនួនប្រមាណ ១,៥លានក្បាល ត្រូវបានលែងចូលទៅក្នុងបឹងនេះ៕