(កំពង់ចាម) លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារីនិងប្រធានគណៈកម្មាធិការសម្របសម្រួល និងដឹកនាំការងារយេនឌ័រនិងការប្រែប្រួលអាកាសធាតុមានប្រសាសន៍ថា ការចូលរួម ពេញលេញរបស់ស្ត្រី គឺធានានូវសមភាពយេនឌ័រ និងប្រសិទ្ធផល ដើម្បីឆ្លើយតប នឹងការប្រែប្រួល អាកាសធាតុ។

ថ្លែងបែបនេះ នាឱកាស លោកជំទាវ អញ្ជើញចូលរួម ពិធីបើកវគ្គបណ្តុះបណ្ដាល ស្ដីពី «វគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបយេនឌ័រក្នុងការបន្សុំា និងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍បៃតង និងការកាត់បន្ថយគ្រោះមហន្តរាយ» នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាព ពី ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និង ថ្នាក់ដឹកនាំ មន្ត្រីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី រាជធានី ខេត្ត មន្ត្រីមជ្ឍមណ្ឌលអភិវឌ្ឍន៍ស្រ្តី នៃខេត្តកំពង់ចាម រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និង ខេត្តព្រៃវែង និងមន្ទីរពាក់ព័ន្ធក្នុងខេត្តកំពង់ចាមផងដែរ ។

ស្ថិតក្នុងឱកាសនោះ លោកជំទាវ លើកឡើងទៀតថា ប្រទេសកម្ពុជា តែងតែរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយ ធម្មជាតិ និងគ្រោះមហន្តរាយដែលបង្កឡើងដោយមនុស្សរួមមាន៖ ទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ខ្យល់កន្រ្ទាក់ និងរន្ទៈបាញ់ជាដើម។ គ្រោះមហន្តរាយ ទាំងនេះបានផ្តល់ផលអវិជ្ជមានទៅលើជីវភាពរស់នៅ និងស្ថានភាពសេដ្ឋកិច្ចរបស់សហគមន៍ជាពិសេសស្ត្រី និងកុមារី។

វិសមភាពយេនឌ័រ និងទំនាក់ទំនងយេនឌ័រ ការសម្រេចចិត្ត ភាពជាអ្នកដឺកនាំ និងលទ្ធភាពទទួលបានអំណាច និងធនធានគឺជាកត្តាចម្បងដែលរួមចំណែកធ្វើឲ្យស្ត្រី និងកុមារី ងាយរងគ្រោះបំផុតដោយសារតែការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ។

លោកជំទាវបន្តែមទៀតថា វគ្គបណ្តុះបណ្តាលស្តីពី ការបញ្ជ្រាបយេនឌ័រក្នុងការបន្សុំា និងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍បៃតង និងការកាត់បន្ថយគ្រោះមហន្តរាយ ប្រើប្រាស់ថវិកាជាតិ តាមកម្មវិធី (PB) ឆ្នាំ២០២៤ ពិតជាមានសារៈសំខាន់បំផុត ដើម្បីបង្កើន សមត្ថភាពដល់ថ្នាក់ដឹកនាំ មន្រ្តីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី រាជធានីខេត្ត លើការបញ្ជ្រានយេនឌ័រក្នុងការបន្សុំា និងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍បៃតង និងគ្រោះមហន្តរាយ ដើម្បីបង្កើនការយល់ដឹងទំនាក់ទំនងរវាងយេនឌ័រ និងការប្រែប្រួលអាកាសធាតុ និងស្វែងយល់ពីររបៀប ជម្រើស នៃការតស៊ូមតិ សម្រាប់ការបញ្ជ្រាបការពិចារណាពីយេនឌ័រ ទៅក្នុងគោលនយោបាយ និងកម្មវិធីរបស់រាជរដ្ឋាភិបាល៕