វិមជ្ឈការ៖ មុខងារក្នុងវិស័យអប់រំចំនួន៣ សំខាន់ៗ ដែលរាជរដ្ឋាភិបាល បានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមមាន ១. មុខងារគ្រប់គ្រងការអប់រំកុមារតូច ២. មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា ៣. មុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ
………

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
លោកស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ និងលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក និងសហការី បានបន្តចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូមកពីសាលាបឋមសិក្សាស្គន់ សាលាបឋមសិក្សាព្រៃចារ សាលាបឋមសិក្សាព្នៅកើត មត្តេយ្យធនធានស្គន់ សាលាបឋមសិក្សាសង្កែពង សាលាបឋមសិក្សាស្រាម សាលាបឋមសិក្សាប្រខ្នោរ និងសាលាបឋមសិក្សាសូទិប សរុបទាំងអស់ចំនួន ១៣៥ នាក់ ស្រី៩៤ នាក់។ ដែលប្រព្រឹត្តទៅនៅអគារមត្តេយ្យធនធានស្គន់។

ជាដំបូងលោកអភិបាលស្រុកបានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តមបណ្ឌិត ម៉ា ឈឿន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ និងលិកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកព្រឹទ្ឌសភា មកកានើលោកគ្រូ អ្នកគ្រូ។ បន្ទាប់មកលោកអភិបាលស្រុកបានលើកឡើងថា ភាពរីកចម្រើននៃការងារគ្រប់គ្រងការអប់រំកុមារតូចនៅតាមមូលដ្ឋាន គឺជាមនុញ្ញផលលេចធ្លោថ្មីមួយទៀត នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្ដែងនៅស្រុកជើងព្រៃ រដ្ឋបាលស្រុក រដ្ឋបាលឃុំ រួមទាំងលោកនាយកសាលាបឋមសិក្សា ដែលជាតួអង្គប្រតិបត្តិករដឹកនាំ និងអនុវត្តការងារនេះ បានអះអាងដូចគ្នាអំពីការប្រែប្រួលកាន់តែវិជ្ជមាន ទាំងលើគុណភាពនៃការគ្រប់គ្រងបុគ្គលិកអប់រំ គុណភាពសិស្ស និងការឆ្លើយតបតម្រូវការបន្ទាន់តាមសាលារៀន។

គួររម្លឹកជូនថា កាលពីថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរមុខងារលើវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ រាជរដ្ឋាភិបាលនីកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាប្រធាន ក៏បន្តខិតខំពង្រឹង និងគាំទ្របន្ថែមទៀត ដើម្បីឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ កាន់តែមានភាពជាម្ចាស់លើការអនុវត្តមុខងារដែលបានផ្ទេរទៅ។

សម្រាប់ស្រុកជើងព្រៃ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុក បានឱ្យដឹងថា ក្រោយពីទទួលបានសិទ្ធិអំណាចគ្រប់គ្រងសាលាមត្តេយ្យ និងបឋមសិក្សា លោកសង្កេតឃើញថា ការងារជារួមលើវិស័យនេះ បានផ្ដល់ភាពងាយស្រួលទាំងការគ្រប់គ្រង និងអនុវត្ត ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អជាងមុនរវាងរដ្ឋបាលស្រុក អាជ្ញាធរភូមិឃុំ ជាមួយសាលាមត្តេយ្យសិក្សា និងបឋមសិក្សា ខណៈរដ្ឋបាលស្រុក ក៏កាន់តែមានលទ្ធភាពក្ដាប់បានពីបញ្ហាប្រឈមរបស់សាលា ទាំងការគ្រប់គ្រង ការសិក្សា ការបង្រៀន និងប្រព័ន្ធហិរញ្ញវត្ថុជាដើម។

លោកអភិបាលស្រុកបន្ថែមថា«ស្រុកក៏បានគាំទ្រ និងឆ្លើយតបដោះស្រាយបានទាន់ពេល ជាពិសេសសាលានៅតំបន់ដាច់ស្រយាល ពោលគឺរដ្ឋបាលស្រុកបានបំពេញនូវរាល់តម្រូវការដែលខាងសាលាចង់បាន។ ក្រៅពីនេះ គឺការរៀបចំប្រព័ន្ធលើកទឹកចិត្តបុគ្គលិកអប់រំ ទៅលើការផ្តល់មេដាយ ការដំឡើងឋានន្តរស័ក្តិ ការតែងតាំង ប្រគល់ភារកិច្ច គឺលឿនរហ័ស និងទាន់ពេលវេលា»។

បើធៀបមុនពេលមានការធ្វើវិមជ្ឈការលោកអភិបាលស្រុក បានបញ្ជាក់ក្នុងន័យដើមថា « បើមុនមានការផ្ទេរមុខងារនេះមកឱ្យស្រុក ខ្ញុំអាចសង្កេតឃើញថា សាលាមួយចំនួនបានជួបផលវិបាកនឹងបញ្ហាជាច្រើន ទាំងការងាររដ្ឋបាល ការងារបច្ចេកទេស និងបញ្ហាប្រឈមនានារបស់សាលា ទម្រាំទទួលបានការឆ្លើយតប គឺត្រូវប្រើរយៈពេលយូរ និងមានភាពស្មុគស្មាញខ្លាំង»។ លោកទទួលស្គាល់ថា ការផ្ទេរមុខងារ និងសិទ្ធិអំណាចគ្រប់គ្រងការអប់រំកុមារតូចនេះ ជាបន្ទុកការងារថ្មីមួយបន្ថែមសម្រាប់ស្រុក ប៉ុន្តែឆ្លងកាត់ការអនុវត្តមួយរយៈពេលមកនេះ លោកអះអាងថា ការងារនេះមិនធ្វើឱ្យរាំងស្ទះលើការងារផ្សេងៗទៀតនោះឡើយ។

សូមបញ្ជាក់ថា មុខងារក្នុងវិស័យអប់រំចំនួន៣ សំខាន់ៗ ដែលរាជរដ្ឋាភិបាល បានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមមាន ១. មុខងារគ្រប់គ្រងការអប់រំកុមារតូច ២. មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា ៣. មុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ៕

ក្នុងឱកាសនេះដែរលោកអភិបាល បានជូនក្រមាខ្មែរ ទុកជាអនុស្សាវរីយ៍ដល់លោកគ្រូ អ្នកគ្រូ គ្រប់គ្នាផងដែរ។