
(កំពង់ចាម) នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៣:៥៥នាទី
មានអគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិបន្ទាយថ្ម ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ករណីនេះសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ៤ គ្រឿង ជួយអន្តរាគមន៍ពន្លត់ ។
បើតាមមន្ត្រីនគរបាលបានឲ្យដឹងថា សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម បានទទួលព័ត៌មានថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះ១ខ្នង និងរាលដាលបន្តទៅផ្ទះ១ខ្នងទៀត នៅចំណុចភូមិបន្ទាយថ្ម ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឲ្យចេញរថយន្តអគ្គិភ័យ៤គ្រឿង (រថយន្តខេត្ត ២គ្រឿង ក្រុងកំពង់ចាម១គ្រឿង និងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ១គ្រឿង) ចេញអន្តរាគមន៍ជាបន្ទាន់ ខណៈនេះ សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅវេលាម៉ោង ១៤:១០នាទីថ្ងៃដដែលនេះ ។
ដោយឡែក ទំហំ នៃការខូចខាតលម្អិត នៃករណីអគ្គីភ័យខាងលើនេះ សមត្ថកិច្ចនៅមិនទាន់មានរបាយការណ៍លំអិតនៅឡើយទេ។



