នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅមជ្ឈមណ្ឌលផ្តល់ឈាម មុខមន្ទីរពេទ្យខេត្តកំពង់ចាម ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម បានដឹកនាំសមាជិកសមាជិកា ស.ស.យ.ក និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្នុងគោលបំណង «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ ផ្តល់ជីវិតថ្មី»  ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងត្រូវការឈាមជាចាំបាច់ក្នុងការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ឯកឧត្តម ហាន កុសល បានលើកឡើងថា «ឈាមមានសារៈសំខាន់ណាស់ដែលយើងគ្រប់គ្នាត្រូវការ ជាពិសេសអ្នករងគ្រោះ ដោយសារជំងឺ និងឧបទ្ទវហេតុផ្សេងៗ ដែលត្រូវការឈាមជាចាំបាច់ ក្នុងការសង្គ្រោះអាយុជីវិត ដូចនេះយើងទាំងអស់គ្នាជា ស.ស.យ.ក ខេត្តកំពង់ចាម ពិសេសបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា រួមគ្នាដោយស្ម័គចិត្តបរិច្ចាគឈាមដើម្បីសង្គ្រោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋរបស់យើងនៅទូទាំងប្រទេស»។

ឯកឧត្តមបន្តថា «ថ្ងៃសម្រាប់ថ្ងៃទី១៤ កុម្ភៈគឺជាទិវានៃការបង្ហាញអំពីក្តីស្រលាញ់របស់ខ្លួនជូនទៅកាន់អ្នកដទៃ ទាំងឪពុកម្តាយ មិត្តភក្តិ បងប្អូនសាច់ញាតិ ក៏ដូចជាមនុស្សដទៃនៅក្នុងសង្គមរបស់យើង ហើយចង់អោយថ្ងៃទី១៤ ខែកុម្ភៈ រៀងរាល់ឆ្នាំនេះក្លាយទៅជាទិវានៃការផ្តល់ក្តីស្រលាញ់តាមរយៈការបង្ហាញអំពីសកម្មភាពសប្បុរសធម៌នានា ជាពិសេសគឺការបរិច្ចាកឈាមនេះតែម្តង»។

យកឪកាសនោះដែរ ឯកឧត្តមប្រធានស.ស.យ.ក ខេត្តកំពង់ចាម ក៏បានអំពាវនាវដល់បងប្អូនទាំងអស់ដែលមាន   សមាចិត្តក្នុងការបរិច្ចាកឈាមសប្បុរសធម៌ដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលត្រូវការឈាមជាចាំបាច់ សូមចូលរួមផ្សព្វផ្សាយ ចែករំលែកបន្ត និងលើកទឹកចិត្តអោយ មិត្តភក្តិ សាច់ញាតិ បងប្អូនផ្សេងៗទៀតដែលមិនទាន់បានបរិច្ចាកឈាម រឺមិនដែលបរិច្ចាកឈាម រឺធ្លាប់បរិច្ចាកឈាមរួចស្រេចហើយ ក៏សូមបន្តការបរិច្ចាកឈាមបន្តទៀត ដើម្បីបុព្វហេតុនៃការជួយសង្គ្រោះជីវតមនុស្សបន្ថែមទៀតផងដែរ។