
(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បន្តសហការជាមួយសមត្ថកិច្ចអាវុធហត្ថស្រុកបាធាយ ឈានទៅបង្ក្រាបបទមើលគ្រឿងញៀនមួយករណី និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។
សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាធាយ ចំនួន ១០នាក់ រថយន្ត០១គ្រឿង ម៉ូតូចំនួន០៣គ្រឿង ដឹកនាំដោយវរសេនីយ៍ទោ ឆាយ រ៉ង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលពីលោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចកើតហេតុដូចខាងលើ ឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាកាល ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។
សមត្ថកិច្ចបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះកម្លាំងយើងបានដកហូតវត្ថុតាងសរុបរួមមាន÷ ម្សៅក្រាមសថ្លាចំនួន ១៧ កញ្ចប់ ទម្ងន់ ២.៧៨ក្រាម ថ្លឹងទាំងសំបកថង់ ទូរសព្ទដៃចំនួន០១ គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី។
