បើតាមរបាយការណ៍ របស់រដ្ឋាករទឹកកំពង់ចាម បានគូសបញ្ជាក់ថា ការងារសាង់សង់គម្រោងស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងបណ្ដាញ ក្នុងខេត្តកំពង់ចាម មានរយៈពេល ២០ខែ គិតមកដល់ពេលនេះ អនុវត្តការសាងសង់ សម្រេចបានលទ្ធផលប្រមាណជា ៨៦% ហើយ ។

របាយការណ៍ បញ្ជាក់ឲ្យដឹងទៀតថា គម្រោងខាងលើ បានអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០២២ ធៀបទៅនឹងផែនការគ្រោង គឺនឹងត្រូវបញ្ចប់ នៅបំណាច់ឆ្នាំ២០២៤ ប៉ុន្តែដោយសារស្ថានភាពភូមិសាស្រ្ត និងកំរិតទឹកទន្លេឡើងលឿន ជាងបណ្ដាឆ្នាំមុនៗ ទើបធ្វើអោយគម្រោង មានការយឺតយ៉ាវ ។

គួររំលឹកថា ដើម្បី ឆ្លើយតបទៅនឹងតំរូវការប្រើប្រាស់ទឹក របស់ប្រជាពលរដ្ឋមានការកើនឡើង រដ្ឋាករទឹកកំពង់ចាម បាននឹងកំពុងសាង់សង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងបណ្ដាញ ទី២ ស្ថិតនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលមានសមត្ថភាព ផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាជនក្នុងតំបន់សេវាកម្ម បានប្រមាណ ៧.០០០តំណ ប្រជាពលរដ្ឋប្រមាណជាង ៣ម៉ឺននាក់ និងបានចូលរួមលើកកម្ពស់សុខមាលភាពប្រជាជន បរិស្ថានស្អាត និងចូលរួមកាត់បន្ថយភាពក្រីក្រ ។

គម្រោងនេះ ស្ថិតក្រោមគម្រោងហិរញ្ញប្បទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ីADB លេខ ៣៦៣០ ដែលអនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយគម្រោងនេះ ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន Beijing Urban Constructions Group .Co,LTD
សូមជម្រាបថា នាបច្ចុប្បន្ន រដ្ឋាករទឹកកំពង់ចាម មានរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ទី១ ស្ថិតនៅក្នុងភូមិទី ១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលមានសមត្ថភាពផលិត ១១.៥០០ម៣ ក្នុងមួយថ្ងៃ និងបណ្តាញចែកចាយប្រវែង ៥៧គីឡូម៉ែត្រ ដោយដំណើរការផ្គត់ផ្គង់ ២៤ម៉ោង ក្នុងមួយថ្ងៃ ។ មកដល់ពេលនេះ នៅទូទាំងខេត្តកំពង់ចាម រដ្ឋាករទឹកបានផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋបាន ១៨.៥៩៣គ្រួសារ ស្មើនឹង៧៣% ទទួលបានទឹកស្អាតប្រើប្រាស់ និងមានអត្រាគ្របដណ្ដប់ លើផ្ទៃសេវាកម្មបានចំនួន ៦២/៨២ភូមិ ស្មើនឹង៨៣% ៕