មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម ដាក់ផែនការមួយចំនួន ដើម្បីបន្តស្ថាបនា ផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ពន្ធ័ ដោយមានគុណភាព ស្របតាមស្តង់ដាបទដ្ឋានបច្ចេកទេស ដើម្បីធានាដល់ការប្រើប្រាស់ផ្លូវថ្នល់បានយូអង្វែង ពិសេសសម្រួលក្នុងការរស់នៅ និងជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ 

 លោក សុខ លឹមហ៊ាង ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម មានផែនការយុទ្ធសាស្ត្រ ដើម្បីបន្តស្ថាបនា ផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ពន្ធ័ ដែលមានគុណភាព ស្របតាមស្តង់ដា បទដ្ឋានបច្ចេកទេស រួមមាន  បន្តធ្វើការថែទាំ ជុសជួលផ្លូវថ្នល់ ស្ពាន និងលូបង្ហូរទឹក ដែលមានស្រាប់ឱ្យទាន់ពេលវេលា ស្របតាម បទដ្ឋានស្តង់ដារបស់ក្រសួង ដើម្បីពង្រឹងគុណភាពសំណង់ និងធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ ផ្លូវរៀបចំផែន ការប្រចាំឆ្នាំ។

មន្ទីរបានរៀបចំផែនការវិនិយោគបីឆ្នាំរំកិល ស្របតាមផែនការមេរបស់ក្រសួង សាធារណការ និង ដឹកជញ្ជូន និង យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។  ជាងនេះទៅទៀតចូលរួមកសាង ធនធានមនុស្សតាមរយៈ ចាត់តាំងមន្ត្រីឱ្យចូលរួមវគ្គសិក្សា បណ្តុះបណ្តាលបច្ចេកទេស សាងសង់ ជួសជុល ដើម្បីជំរុញដល់ការសាងសង់ប្រកបដោយបច្ចេកទេសស្តង់ដា និងគុណភាពខ្ពស់ ពិសេស ធានាដល់ការបម្រែបម្រួលអាកាសធាតុ។ 
 «បន្តផ្សព្វផ្សាយច្បាប់ផ្លូវថ្នល់ឱ្យបានទូលំទូលាយ ពិសេសជូនដល់ប្រជាពលរដ្ឋរស់នៅ សង ខាងផ្លូវ ដើម្បី ទប់ស្កាត់រាល់សកម្មភាពរំលោភដីចំណីផ្លូវមានដូចជា ការសាងសង់សំណង់រឹង (ផ្ទះ របងថ្ម) ការចាក់ដីសងខាងផ្លូវខ្ពស់ជាងតួផ្លូវ និង លប់ប្រពន្ធ័រំដោះទឹក ដូចជាប្រឡាយ លូរំដោះទឹក។»

  ទន្ទឹមជាមួយផែនការយុទ្ធសាស្ត្រ ដើម្បីបន្តស្ថាបនា ផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ពន្ធ័នៅក្នុង ខេត្តកំពង់ចាម មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម  សំណូមពរ ដោយផ្ទាល់ដល់ អង្គភាពស្វ័យត អាជីរករ ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ នៃ ទីតាំងគម្រោងរបស់មន្ទីរ មេត្តាយោគយល់ និងចូលរួមសហការដោយសាមគ្គីភាព ដើម្បីឱ្យមន្ទីរមាន លទ្ធភាពអនុវត្តគម្រោងស្របតាមការគ្រោងទុក ប្រកបដោយប្រសិទ្ធភាព និងគុណភាព។
ជាមូយនេះលោកប្រធាមន្ទីរស្នើសុំអ្នកធ្វើដំណើរឆ្លងកាត់ ពិសេសប្រជាពលរដ្ឋក្នុង ក្រុងកំពង់ចាម មានការយោគយល់ អធ្យាស្រ័យ ចំពោះគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ និងទឹកស្អាត ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ ការធ្វើដំណើរ និងការប្រកបអាជីវកម្មផ្សេងៗ។
លោកប្រធានក៏បានអំពាវនាវម្ចាស់ យានយន្តដឹកទំនិញទាំងឡាយ កុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ព្រមទាំង ស្នើសុំ អាជ្ញាធរដែនដីចូលរួមសហការទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់៕