
(កំពង់ចាម)៖ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ចើញចូលរួមប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តនគបាលជ័យ ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម។



ដោយពិធីនេះដែរ មានការអញ្ជើញចូលរួមពីលោកជំទាវ អ្នកតំណាងរាស្រ្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងលោកតា លោកយាយ បងប្អូនប្រជាពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ។
បើតាមលោកតាអាចារ្យវត្តប្រាសាទនគរបាជ័យ បានមានប្រសាសន៍ឲ្យដឹងថ “បុណ្យមាឃបូជា” ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។
ចំពោះប្រយោជន៍នៃពិធីបុណ្យមាឃបូជានេះ គឺធ្វើឲ្យពុទ្ធសាសនិកជនបានយល់ដឹងយ៉ាងត្រឹមត្រូវ ដល់សារៈសំខាន់នៃថ្ងៃមាឃបូជានេះ និងយល់ដឹងគោលធម៌ និងគោលជំហររបស់ព្រះពុទ្ធសាសនា បណ្តុះសទ្ធាជ្រះថ្លាកាន់តែភិយ្យោភាពឡើង ក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ហើយបានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជន ក្នុងថ្ងៃមាឃបូជានេះផង និងបានជួយជ្រោមជ្រែងព្រះពុទ្ធសាសនា ឲ្យស្ថិតស្ថេរចេរកាលយូរអង្វែងផងដែរ៕


