*** ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមនាដើមខែកុម្ភៈឆ្នាំ ២០២៥នេះគឺបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងគ្រួសារមានជំងឺប្រចាំកាយ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចំនួន១០គ្រួសារ។ ឆ្លៀតនៅក្នុងឱកាសនេះដែរ ឯកឧត្តម តំណាងរាស្ត្រកំពង់ចាម បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេច ប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានការលំបាក ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ ណាមួយឡើយ។ ឯកឧត្តម លន់ លឹមថៃ បានមានប្រសាសន៍ថា អំណោយដែលបាននាំយក មកចែកជូនបងប្អូននាពេលនេះសង្ឃឹមថាអាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត។ ក្នុងនាមឯកឧត្តមជាតំណាងរាស្ត្រ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែចុះជួប ផ្ទាល់ជាមួយប្រជាជននៅពេលដែលបងប្អូនមានទុក្ខលំបាក។


***ទន្ទឹមនេះឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំព្យាយាម ក្នុងការប្រកបកិច្ចការងារ ដើម្បីកែប្រែនូវជីវភាពគ្រួសាឱ្យកាន់តែប្រសើរឡើង ជាពិសេស ត្រូវជួយជម្រុញឱ្យកូនចៅបានទៅសិក្សារៀនសូត្រឱ្យបានចេះដឹងដើម្បីយកចំណេះជំនាញទាំងនោះមកជួយដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសង្គមទាំងមូលផងដែរ។ ជាមួយគ្នានេះឯកឧត្តម ក៏បានផ្តាំផ្ញើជូនដល់ប្រជាពលរដ្ឋដែលពុំមានដីរស់នៅពិតប្រាកដ គឺអាចស្នើសុំតាមរយៈ អជ្ញាធរហើយខេត្តកំពង់ចាមគឺមានតម្រូវការជ្រើសរើសអ្នកធ្វើការនៅខេត្តស្វាយរៀងដោយមិន ប្រកាន់កម្រិតវប្បធម៌ ហើយបងប្អូនប្រជាពលរដ្ឋជាពិសេសយុវជន ដែលមានបំណងចង់ទៅ រៀនរក ជំនាញណាមួយដូចជា ជាងឡាន ជាងម៉ាស៊ីនត្រជាក់ កាត់ដេរ តបណ្តាញអគ្គីសនី ជាដើម គឺសូមទាក់ទងទៅកាន់អជ្ញាធរបាន ដែលឱកាសទាំងអស់ខាងលើនេះ គឺជាគិតគូរ យកចិត្ត ទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។


*** សូមបញ្ជាក់ជូនថាក្នុងឱកាសនោះ ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម បានផ្ដល់ជូននូវអំណោយដល់គ្រួសារជួបការលំបាកទាំង១០គ្រួសារ ដោយ ក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី១កេស, ត្រីខ១យួរ ,ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ថ្នាំពេទ្យមួយចំនួន រួមជាមួយថវិកា ៥ម៉ឺនរៀលផងដែរ។ ហើយនៅថ្ងៃដដែលនេះ ឯកឧត្តមក៏បានអញ្ជើញចុះសួរសុខទុក្ខដល់អ្នកមានជំងឺប្រចាំកាយចំនួនពីររូប គឺលោកស្រី ឃឹម វណ្ណា រស់នៅភូមិត្រពាំងស្លា និងលោកស្រី សេង រឿន អនុភូមិត្រពាំងស្លា ដោយក្នុង នោះឯកឧត្តមបានឧបត្ថម្ភក្នុងម្នាក់ៗ ថវិកាចំនួន១០០,០០០រៀល និងថ្នាំពេទ្យមួយចំនួន និងជូនលោកតា លោកយាយជាច្រើននាក់ ដោយម្នាក់ៗទទួលបានថ្នាំពេទ្យ១កញ្ចប់ ផ្តល់ថវិកា ដល់ប្រជាការពារមួយចំនួនផងដែរ៕