
ឯកឧត្ដម ឡោ ចាន់លី អភិបាលរងខេត្ត អញ្ជើញជាតំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីជ្រើសរើសកម្មករ កម្មការិនី ទៅបំរើការងារ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង ។ ដោយកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាស្រុកកោះសូទិន និងស្រុកស្រីសសន្ធរ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ។
ឯកឧត្ដមអភិបាលរងខេត្ត បានបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីឲ្យមូលដ្ឋាននីមួយៗ ជាពិសេស មេឃុំ ចៅសង្កាត់ ទូទាំងខេត្តកំពង់ចាម ចុះ ប្រមូលទិន្នន័យ កម្លាំងពលកម្ម ដែលក្នុងនោះមាន កម្លាំងពលកម្មពេញវ័យ (១៨-៥០ឆ្នាំ) កម្លាំងពលកម្មមានការងារធ្វើ កម្លាំងពលកម្មមិនទាន់មានការងារធ្វើ ។ ទន្ទឹមនឹងនេះ ត្រូវផ្សព្វផ្សាយ ស្ដីពីការជ្រើសរើសកម្មករ កម្មការនី ទៅបំរើការ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ខេត្តស្វាយរៀងផងដែរ។
ឯកឧត្ដមអភិបាលរងខេត្ត បានបន្តទៀតថា ក្រៅពីការទៅបម្រើការងារ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងជំហានដំបូង ចំនួន ១.០០០នាក់ នោះ ឯកឧត្ដមអភិបាល អ៊ុន ចាន់ដា ខេត្តកំពង់ចាម ក៏មានតម្រូវការចាំបាច់ ដើម្បីយកទិន្នន័យរួម របស់ខេត្ត ទៅបង្ហាញដល់អ្នកវិនិយោគិន ទាំងក្នុង និងក្រៅប្រទេស ដើម្បី មកធ្វើការវិនិយោគ នៅក្នុងទឹកដីខេត្តកំពង់ចាម ផងដែរ ។ ដូច្នេះ លោកមេឃុំ នៅក្នុងស្រុកកោះសូទិន និងនៅក្នុងស្រុកស្រីសន្ធរ ត្រូវយកចិត្តទុកដាក់ ចុះផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឲ្យបានទូលំទូលាយ និងធ្វើការប្រមូលទិន្នន័យកម្លាំងពលកម្មដែលពេញវ័យ ដូចបានកំណត់ខាងលើ ឲ្យបានត្រឹមត្រូវ និងសុក្រឹត្យ ហើយបូកសរុប បញ្ជូនមកក្រុមការងារខេត្ត ធ្វើការបូកសរុបជាទិន្នន័យរួម របស់ខេត្តកំពង់ចាម ឲ្យបានទាន់ពេលវេលា ។




