(កំពង់ចាម) កម្លាំងសមត្ថកិច្ចនគរបាល ប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានបង្ក្រាបបទល្មើសគ្រឿងញៀន១ករណី និងឈានទៅឃាត់ខ្លួនជនសង្ស័យ២នាក់ស្ថិតក្នុងភូមិស្រែសង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

អភិបាលស្រុកស្ទឹងត្រង់ លោក បាន ស្រេង បានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ច បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានមុខសញ្ញាកំពុងជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចរោងចំការស្វាយចន្ទីរ ចំណុចកើតហេតុ កម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានចុះទៅដល់ចំណុចខាងលើ និងបានឃើញមុខសញ្ញាចំនួន ០១នាក់។ ពេលនោះសមត្ថកិច្ច ក៏បានហៅធ្វើការសាកសួរ និងបានរកឃើញ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៣កញ្ចប់ ដោយមានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បន្ទាប់មកសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ភេទប្រុស អាយុ ២៩ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិព្រែកសង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

លោកអភិបាលស្រុកបន្តថា លុះរហូតមកដល់ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៤ ផ្អែកតាមចម្លើយរបស់ជនសង្ស័យខាងលើ សមត្ថកិច្ច ក៏បានសុំគោលការណ៍ធ្វើការពន្លាតដែនដី និងបានបន្ដកិច្ចប្រតិបត្តិការ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រឡប់ និងបានបន្ដទៅធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ទៀត ភេទប្រុស អាយុ ៥១ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកសង្កែកើត ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ករណីខាងលើសមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៣កញ្ចប់ និងទូរ ស័ព្ទដៃចំនួន ០២រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើសមត្ថកិច្ច បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។