(តៃនិញ) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងរិតចំណងសម្ព័ន្ធមេត្រីភាព រវាងខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរង តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម កែវ នាឬទ្ធិ សមាជិកក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រភូខេត្ត ចូលរួមតាមការអញ្ជើញរបស់គណៈកម្មាធិការប្រជាជន ខេត្តតៃនិញ ដើម្បីប្រារព្ធពិធីអបអសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៥ និងចូលឆ្នាំថ្មីប្រពៃណីជាតិ វៀតណាម ដែលប្រារព្ធធ្វើឡើងនៅទីរួមខេត្តតៃនិញ។

ពិធីនេះក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម លោកជំទាវ សមាជិក សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ស្វាយរៀង ព្រៃវែង និងត្បួងឃ្មុំ ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាព កងកម្លាំងទាំងបី រួមនិង ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណៈសង្គមនិយមវៀតណាម និងគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម រដ្ឋបាលខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ជារៀងរាល់ឆ្នាំ គណៈប្រតិភូប្រទេសទាំងពីរតែងតែប្រារព្ធពិធី អបអរសាទរបុណ្យចូលឆ្នាំ និងបានជូនពរគ្នាទៅវិញទៅមក ដែលបានបញ្ជាក់ពីចំណងសាមគ្គីភាព រវាងប្រទេសទាំងពីរ ពិសេស ខេត្តដែលជាប់ព្រំដែន ដែលបានប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម និងបានបង្ហាញឲ្យឃើញពីការរីកចម្រើនទៅមុខជាលំដាប់ នូវចំណងសាមគ្គីភាព ភាតរភាព និងមិត្តភាពយូរអង្វែង រវាងកម្ពុជា-វៀតណាម និងខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខត្តកំពង់ចាម ខេត្តតៃនិញ ក្នុងភាពជាបងប្អូន៕

ក្នុងឱកាសនោះ ឯកឧត្តម ស្រី សុភ័ក្ត្រ ក៏បានចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាម ខាងមុខនេះ សូមប្រសិទ្ធិពរជ័យសិរីសួស្ដី ដល់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ កម្មាភិបាល បុគ្គលិក កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តតៃនិញ សូមបានប្រកបទៅដោយសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា និងទទួលបានជោគជ័យគ្រប់ភារកិច្ចដែលបក្ស និងរដ្ឋប្រគល់ជូន ៕