
កំពង់ចាម៖ អភិបាលរងខេត្តកំពង់ចាម ឯកឧត្តម ឡោ ចាន់លី នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានជូនដំណឹងល្អ សម្រាប់ បងប្អូនប្រជាពលរដ្ឋរស់នៅស្រុកកងមាស ដែលមិនទាន់ មានការងារធ្វើ ហើយចង់មានប្រាក់ចំណូមសមរម្យ ឬចង់ផ្លាសប្តូរការងារថ្មី ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ ជាងពេលនេះ សុំបងប្អូនប្រជាពលរដ្ឋ រួសរាន់ ទំនាក់ទំនងទៅ សមាជិកភូមិ អនុភូមិ មេភូមិ និងមេឃុំ ក្នុងភូមិ ឃុំ របស់ខ្លួន ក្នុងពេលឥឡូវនេះ។

ឆ្លៀតឱកាសនោះ ឯកឧត្តម បានថ្លែងថា ដោយសារ នាពេលថ្មីៗនេះ ខាងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត បានមកសហការជាមួយរដ្ឋបាលខេត្ត ក្នុងការជ្រើសរើស កម្មករ កម្មការិនីចំនួន ១០០០នាក់ សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងស្រុកកងមាស ដែលមិនទាន់មានការងារធ្វើ មានជីវភាពខ្វះខាត ហើយមានបំណងចង់បានការងារធ្វើ ពេលនេះ ខាងរោងចក្រកំពុងត្រូវការជាបន្ទាន់ ដូច្នេះ ស្នើរសុំឲ្យ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកកងមាស សុំធ្វើការទំនាក់ទំនង សួរនាំ ព័ត៍មាន ជាមួយ លោកមេឃុំ ភូមិមេ អនុភូមិ ដើម្បីបានដឹងព័ត៍មានកាន់តែច្បាស់បន្ថែមទៀត។
ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា សម្រាប់តំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ដែលកំពុងជ្រើសរើស ដំណាក់កាលដំបូង ចំនួន ១ពាន់ នាក់ ហើយឈាន ១ម៉ឺន នាក់ នៅឆ្នាំបន្ទាប់ៗមកទៀត។ នៅពេលបងប្អូនមកធ្វើការងារនៅទីនោះ ខាងរោងចក្រនឹង ផ្តល់ជូនកន្លែងស្នាក់នៅឥតគិតថ្លែ មានប័ណ្ណធានារាប់រង ប័ណ្ណ ប.ស.ស ប្រាក់ខែសមរម្យ ប្រាក់ធ្វើដំណើរមកស្រុកកំណើរ ឥតគិតថ្លៃ និងរួមទាំង អត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀត។ ដោយភ័ណ្ឌ ប៉ាង




