(កំពង់ចាម) សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនមួយករណីឈានទៅឃាត់ខ្លួនជនសង្ស័យបីនាក់រួមនឹងវត្ថុតាមមួយចំនួន ក្នុងភូមិអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ។

អភិបាលស្រុកព្រៃឈរ លោក ខេង ម៉េងឈុន បានឱ្យដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក មុន្នី រតនៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋាន: ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៣ នាក់

១-ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអ្នកតាស្នឹង ឃុំបងណយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០៦កញ្ចប់

២-ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

៣ -ភេទប្រុស អាយុ២៩ឆ្នាំ បុខរបរកសិករ នៅភូមិអណ្ដូងតាពេជ្រ ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម (ជាមុខសញ្ញាទិញថ្នាំតាមទូរសព្ទ័ )។

សមត្ថកិច្ចបានបញ្ជាក់ផងដែរថា ករណីខាងលើសមត្ថកិច្ចយើងដកហូតវត្ថុតាងរួមមាន÷ម្សៅក្រាមពណ៌សង្ស័យជាថ្នាំញៀនចំនួន ០៦កញ្ចប់ ទូរស័ព្ទដៃចំនួន ០៣គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធី ។