លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ អញ្ជើញបើកសិក្ខាសាលាតម្រង់ទិសស្តីពី ការបញ្ច្រាបសមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គមទៅក្នុងកម្មវិធីវិនិយោគ៣ឆ្នាំ រំកិលរបស់ឃុំ-សង្កាត់ ។

សិក្ខាសាលានេះក៏មានការចូលពីលោកបណ្ឌិត រស់ ឆាយ តំណាងកម្មវិធី ACCESS 2 និងលោក លោកស្រីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រី មេឃុំ ចៅសង្កាត់ និងតំណាងអង្គការដៃគូយុទ្ធសាស្ត្រ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។

លោកជំទាវ ប៉ាង ដានី បានមានប្រសាសន៍ថា សិក្ខាសាលាតម្រង់ទិស ស្តីពី ការបញ្ជ្រាប សមភាពយេនឌ័រ បរិយាបន្នពិការភាព និងសង្គម (GEDSI)នៅក្នុងកម្មវិធីវិនិយោគ បីឆ្នាំរំកិល របស់ឃុំ សង្កាត់ ដ៏មានសារសំខាន់មួយនេះ មានគោលបំណង បង្កើនការយល់ដឹង និងបញ្ជ្រាបគោលការណ៍សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI) ទៅក្នុងកិច្ចការរបស់អាជ្ញាធរមូលដ្ឋានពិសេសក្នុងកម្មវិធីវិនិយោគ បី ឆ្នាំរំកិលរបស់រដ្ឋបាលក្រុង ស្រុក ឃុំ-សង្កាត់ តាមរយៈការធ្វើផែនការសកម្មភាព និងផែនការថវិកាក្នុងផ្នែកសេវាសង្គម សម្រាប់យកទៅអនុវត្តប្រកបដោយប្រសិទ្ធិភាព និងចំគោលដៅ ។

លោកជំទាវ អភិបាលរងខេត្ត បន្តថា ខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានរួមចំណែកក្នុងការអនុវត្ដគោលនយោបាយនានារបស់ រាជរដ្ឋា ភិបាល ពិសេសផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងផែនការ យុទ្ធសាស្ត្រជាតិស្តីពីពិការភាពដោយបានបង្កើតក្រុមការងារពហុវិស័យ ពង្រឹង ការឆ្លើយ តប ចំពោះ អំពើ ហឹង្សា ទាក់ទងនឹងយេនឌ័រ (GBV) និងក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត សម្រេចបានលទ្ធផលជាច្រើនគួរជាទី មោទនៈ ដោយមានមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ជាសេនាធិការ និងទទួលបានការចូលរួមឧបត្ថម្ភគាំទ្រពីអង្គការដៃគូ ពិសេសនោះគឺ កម្មវិធី ACEESS2 ៕