ឯកឧត្ដម ឡោ ចាន់លី អភិបាលរងខេត្ត ថ្លែងថា ស្ថិតិដែលប្រមូលបាន នៅក្នុងមូលដ្ឋាននីមួយៗ ត្រូវតែ ជាតួលេខពិតប្រាកដ និងត្រឹមត្រូវ តាមរយៈ ការចុះស្រង់ជាក់ស្ដែង ពោលគឺ ពុំមែនជាតួលេខ ដែលអង្គុយចុច ដោយការស្រមើស្រមៃ នៅលើតុនោះឡើយ ។ ឯកឧត្តមអភិបាលរងខេត្ត ថ្លែងណែនាំបែបនេះ នាឱកាសអញ្ជើញជាតំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការជ្រើសរើសកម្មករ កម្មការិនី ទៅបំរើការងារ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង ដែលពិធីនេះ បានរៀបចំនៅសាលប្រជុំសាលាស្រុកស្ទឹងត្រង់ និងសាលាស្រុកចំការលើ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នេះ ដោយមានការអញ្ជើញចូលរួមពី មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុនរោងចក្រ និងមន្ត្រីសាលាស្រុក ជាច្រើននាក់ ។
ឯកឧត្តម អភិបាលរងខេត្ត បានបញ្ជាក់ដែរថា កិច្ចប្រជុំនេះ មានគោលបំណង ដើម្បី ឲ្យមូលដ្ឋាននីមួយៗ ជាពិសេស មេឃុំ ចៅសង្កាត់ ទូទាំងខេត្តកំពង់ចាម ចុះ ៖

ទី១.ប្រមូលទិន្នន័យ កម្លាំងពលកម្ម ដែលក្នុងនោះមាន ៖ -កម្លាំងពលកម្មពេញវ័យ (១៨-៥០ឆ្នាំ) -កម្លាំងមានការងារធ្វើ -កម្លាំងមិនទាន់មានការងារធ្វើ ។

ទី២.ផ្សព្វផ្សាយ ស្ដីពីការជ្រើសរើសកម្មករ កម្មការនី ទៅបំរើការ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ខេត្តស្វាយរៀង (ជំហាន ១ ចំនួន ១.០០០នាក់ )។


ឯកឧត្តម បានបញ្ជាក់ទៀតថា ទិន្នន័យកម្លាំងពលកម្ម ដែលតម្រូវឲ្យមូលដ្ឋាននីមួយៗ ធ្វើសម្រង់នេះ គឺពិតជាមានសារៈសំខាន់ណាស់ ទុកសម្រាប់ធ្វើជាមូលដ្ឋាន ប្រើប្រាស់ដោយផ្ទាល់ផង ហើយ ឯកឧត្ដមអភិបាលខេត្តកំពង់ចាម ក៏មានតម្រូវការចាំបាច់ ដើម្បី យកទៅបង្ហាញដល់អ្នកវិនិយោគិន ទាំងក្នុង និងក្រៅប្រទេស ដើម្បី មកធ្វើការវិនិយោគ នៅក្នុងទឹកដីខេត្តកំពង់ចាម ផងដែរ ។ ជាក់ស្ដែង នាពេលនេះ តំណាងរោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត បានសហការ ជាមួយរដ្ឋបាលខេត្ត ជ្រើសរើសកម្មករ កម្មការិនី នៅក្នុងខេត្តកំពង់ចាម ចំនួន ១.០០០នាក់ តែយើងពុំមានវា នៅក្នុងដៃឡើយ ។ ដូច្នេះ ទាមទារឲ្យអាជ្ញាធរក្នុងមូលដ្ឋាន ខេត្តកំពង់ចាម ចុះស្រង់ទិន្នន័យ កម្លាំងពលកម្មពេញវ័យ ហើយស្ម័គ្រចិត្ត ដូចមានអាយុ ក្នុងលក្ខខណ្ឌកំណត់ ដើម្បី ទៅបំរើការងារ នៅតំបន់នោះផ្ទាល់ ។ តាមរយៈ កិច្ចសហការនេះ ស្នើដល់លោកមេឃុំ យកចិត្តទុកដាក់ ដើម្បី ដឹកនាំភូមិមេ អនុភូមិ និងសមាជិកភូមិ ចុះផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ឲ្យបានទូលំទូលាយ និងធ្វើការប្រមូលទិន្នន័យកម្លាំងពលកម្មពេលវ័យ ដូចបានបញ្ជាក់ខាងលើ ឲ្យបានសុក្រឹត្យបំផុត ព្រមទាំង បញ្ជូនមកក្រុមការងារខេត្ត ធ្វើការបូកសរុប ទៅតាមពេលវេលាកំណត់ ៕