
កំពង់ចាម៖នៅព្រឹក ថ្ងៃទី២៧ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជេីញចូលរួមពិធីប្រគល់-ទទួលគ្រឿងចក្រ២គ្រឿង និងរថយន្តដឹកសំរាមមួយគ្រឿង ពីគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ក្រោមកម្ចីឥណទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ីតាមរយៈ ក្រសួងសាធារណការ និងដឹកជញ្ជូន។

តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន លោក នុប រ៉ូបឺត ប្រធានគ្រប់គ្រងគម្រោងប្រតិបត្តិការថែរទាំនៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ បានឲ្យដឹងថា គ្រឿងចក្រនិងរថយន្តទាំងបីនេះ គឺស្ថិតក្នុងរង្វង់ប្រតិបត្តិការក្រុមហ៊ុនBM ដែលជាក្រុមហ៊ុនសាងសង់ទីលានទុកដាក់សំរាមក្រុងកំពង់ចាម ក្នុងរយៈពេលពេញ១ឆ្នាំ។
គូសបញ្ជាក់ថា ទីលានទុកដាក់សំរាមក្រុងកំពង់ចាមនេះត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ។ ទីលានទុកដាក់សំរាមក្រុងកំពង់ចាមនេះស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ក្រោមកម្ចីឥណទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវបានសាងសង់រយៈពេល១៧ខែ ដោយគិតចាប់ពី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ទីលានទុកដាក់សំរាមត្រូវបានសាងសង់លើផ្ទៃដីទំហំ ១៨,៦៨ហិកតា ស្ថិតនៅក្នុងភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀមដែលមានចម្ងាយប្រហែល២៥គីឡូម៉ែត្រ ពីក្រុងកំពង់ចាម៕


