
#ស្រុកស្ទឹងត្រង់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់និងចង្អុលបង្ហាញពីលោក បាន ស្រេង អភិបាលនៃគណៈអភិបាលស្រុក បានជម្រុញ និងណែនាំដល់មន្ត្រីផ្តល់សេវាទាំងអស់ ឱ្យខិតខំបម្រើសេវា ជូនប្រជាពលរដ្ឋ ប្រកបក្រមសីលធម៌ សមធម៌ និងវិជ្ជាជីវៈ ជាពិសេសធ្វើយ៉ាងណាសំដៅការអនុវត្ត កិច្ចការងារជូនអ្នកទទួលសេវា ឱ្យបានលឿន រហ័ស ទាន់ចិត្ត ប្រកបដោយប្រសិទ្ធភាព។ លើសពីនេះទៀត លោកបានណែនាំឱ្យមន្ត្រីផ្តល់សេវាប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា «ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍»។ ដោយក្នុងរយៈពេល៩ខែកន្លងនេះ បងប្អូនប្រជាពលរដ្ឋបានមកទទួលសេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកស្ទឹងត្រង់។ ដោយក្នុង១ថ្ងៃការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកស្ទឹងត្រង់ បានផ្តល់សេវាជូនប្រជាពលរដ្ឋប្រមាណជាង២០០នាក់ក្នុងមួយថ្ងៃ។



គូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុក បាននិងកំពុងផ្តល់សេវាជូនប្រជាពលរដ្ឋ ក្នុងវិស័យជំនាញចំនួន១៦ រួមមាន ៖
១-វិស័យទេសចរណ៍ ២-វិស័យវប្បធម៌ ៣-វិស័យពាណិជ្ជកម្ម ៤-វិស័យសាធារណការ ៥-វិស័យឧស្សាហកម្ម ៦-វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ៧-វិស័យកសិកម្ម ៨-វិស័យសុខាភិបាល ៩-វិស័យអប់រំ ១០-វិស័យរ៉ែនិងថាមពល ១១-វិស័យបរិស្ថាន ១២-វិស័យការងារ ១៣-វិស័យធម្មការនិងសាសនា ១៤-ការងារអត្រានុកូលដ្ឋាន ១៥-ការងារនីត្យានុកូលកម្ម ១៦-ការងាររដ្ឋបាល ។





