
(កំពង់ចាម)៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្ដម អ៊ុន ចាន់ដា សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអភិបាលខេត្តកំពង់ចាម បានលើកឡើងថា សមិទ្ធផល ការរីកចម្រើនលើកគ្រប់វិស័យក្នុងខេត្តកំពង់ចាម គឺមិនអាចខ្វះបានពីការចូលរួមចំណែក របស់យុវជន ស.ស.យ ក ខេត្តនៅះទេ ។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងទៀតថា កាលពីឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ លោកបានឃើញនូវភាពរស់រវើកក្នុងការអនុវត្តសកម្មភាពផ្តល់សេវាសាធារណៈ កិច្ចការអភិវឌ្ឍមូលដ្ឋាន និងការគាំពារសង្គមរបស់មន្ត្រីរដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ និងគ្រប់ផ្នែក សប្បុសរជន សហគមន៍ និងអង្គការដៃគូនានា ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងឆន្ទៈមោះមុតដែលបង្កើតបានជាវឌ្ឍនភាព និងលទ្ធផលវិជ្ជមានជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ការលើកកម្ពស់គុណតម្លៃសង្គម និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្តកំពង់ចាម។



ការចូលរួមចំណែករបស់យុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជានៅទូទាំងខេត្ត នៅក្នុងកិច្ចការសង្គម ដូចជាការចូលរួមក្នុងកិច្ចការជួយសង្គ្រោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជួបគ្រោះមហន្តរាយ ជនមានពិការភាព កុមារកំព្រា សែងរំកិលផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារការបាក់ច្រាំងទន្លេជាដើម។
ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ផងដែរថា យុវជនយើងបានបង្រៀនបំប៉នសិស្សថ្នាក់ទី ១២ ខណៈយុវជនយើងខ្លះទៀតបានផ្តល់គំនិតយោបល់តម្រង់ទិស ស្តីពីការកំណត់គោលដៅនៃការសិក្សា និងឧបត្ថម្ភសម្ភារៈសិក្សានានាដល់សិស្សានុសិស្សនៅតាមសាលារៀន និងសកម្មភាពនៃការលើកកម្ពស់សុខភាព និងការយល់ដឹងអំពីគុណតម្លៃនៃបរិស្ថាន ប្រពៃណីវប្បធម៌សង្គមក្នុងរដូវសង្គ្រានឆ្នាំថ្មី ការលើកកម្ពស់សុខដុមនីយកម្មសាសនា និងសិល្បៈវប្បធម៌ជាតិ តាមរយៈសកម្មភាពនៃការបណ្ដុះបណ្ដាលសិល្បៈរបាំប្រពៃណីខ្មែរទាំងនៅអគារពហុបំណងស.ស.យ.ក ខេត្ត និងនៅឯមូលដ្ឋាន ដែលសកម្មភាពទាំងនេះមានគោលបំណងចម្បងតែមួយគត់គឺចូលរួមចំណែកដល់ការលើកកម្ពស់គុណតម្លៃនៃសន្តិភាព និងការអភិវឌ្ឍសង្គម។
ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងផងដែរថា បើទោះជាយើងបានធ្វើច្រើន និងបានបង្កើតសមិទ្ធផលច្រើនយ៉ាងណាក៏ដោយ ក៏ការងាររបស់យើងមិនចប់ត្រឹមនេះទេ។ នៅមានកិច្ចការជាច្រើនថែមទៀត ដែលយុវជនត្រូវចូលរួមអនុវត្តដើម្បីបុព្វហេតុសង្គមជាតិ ពោលគឺការរក្សានូវសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់គុណតម្លៃវប្បធម៌សង្គម ដែលធ្វើឲ្យកម្ពុជាយើងឈានទៅសម្រេចនូវចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
