
លោក ចេង ហ៊ាង ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម បានលើកឡើងថា ពលករគ្រប់រូប រាប់បញ្ចូលទាំងពលករទេសន្តរប្រវេសន៍ផងដែរ មានសិទ្ធិទទួលបានលក្ខខណ្ឌការងារសមរម្យ និងមានសិទ្ធិដាក់ពាក្យបណ្ដឹង ប្រសិនបើពួកគេ ទទួលរងការកេងប្រវ័ញ្ច ឬការរំលោភបំពាន។
លោកប្រធានមន្ទីរការងារបានលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំ ស្តីពីយន្តការដោះស្រាយពាក្យបណ្តឹងរបស់ពលករទេសន្តរប្រវេសន៍ នាថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរអង្គភាព និង អង្គការដៃគូពាក់ពន្ធ័ជាច្រើននាក់ផងដែរ។
លោក ចេង ហ៊ាង បានមានប្រសាសន៍បន្តទៀតថា តាមគោលការណ៍ណែនាំស្តីពីការដោះស្រាយវិវាទនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ដំណោះ
ស្រាយ និងភាពយុត្តិធម៌ឱ្យបានទាន់ពេលវេលា ប្រកបដោយតម្លាភាព និងឆ្លើយតបចំពោះតម្រូវការយេនឌ័រដល់ពលករទេសន្តរប្រវេសន៍ ដោយផ្អែកតាមសិទ្ធិជាមូលដ្ឋានរបស់ពួកគេ។
លោកប្រធានមន្ទីរ បន្តថា គោលការណ៍ ណែនាំនេះបញ្ជាក់ច្បាស់ផងដែរ អំពីសារសំខាន់ផ្តល់ការណែនាំដល់មន្ត្រីក្នុងការដោះស្រាយបណ្តឹងដើម្បីធានាឱ្យមានលទ្ធផល និងដំណោះស្រាយ ស្របតាមច្បាប់ស្តីពីការងារ អនុក្រឹត្យ ប្រកាស លិខិតបទដ្ឋានគតិយុត្ត ស្តីពីការងាររបស់ប្រទេសកម្ពុជា និងបទដ្ឋានការងារអន្តរជាតិនានា និង ពុំរឹតត្បិតលើការប្រើប្រាស់យន្តការដោះស្រាយបណ្តឹងតវ៉ាផ្សេងទៀតនោះឡើយ។


