ស្រុកបាធាយ៖ នៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានចាត់ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយលោកនាយកសាខា លោកប្រធានកិត្តិយសអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កម្រិតធ្ងន់- ស្រាល សរុប ១១ គ្រួសារ រស់នៅក្នុងភូមិស្វាយព្រៃ ឃុំសណ្តែក ស្រុកបាធាយ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមានដូចជា ៖ ពលរដ្ឋរងគ្រោះ កម្រិតធ្ងន់ទាំង ៣គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ថវិកា ៤០០,០០០ រៀល ។ ដោយឡែក ពលរដ្ឋរងផលប៉ះពាលកម្រិតស្រាល ក្នុង ១គ្រួសារ ទទួលបាន ថវិកា ១០០,០០០ រៀល ៕