ស្រុកចំការលើ​ ៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម​ ខៀវ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំជយោ បានអញ្ជេីញជាអធិបតីក្នុងកម្មវិធីវេទិកាសាធារណៈ ក្នុងភូមិអកមោក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកចំការលើ លោក សុះ ម៉ាត់ ប្រធានក្រុមប្រឹក្សាឃុំជយោ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំជយោ និងមានការអញ្ជើញចូលរួមពីលោកលោកស្រីក្រុមការងារស្រុកចុះជួយឃុំ ជំទប់ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិ និងប្រជាពលរដ្ឋអញ្ជើញមកពីភូមិស្ពឺ”ក” និងភូមិអកមោក។

ឯកឧត្ដម​បានជម្រាបជូនអង្គពិធី អំពីអត្ថប្រយោជន៍ព្រែកជីកហ្វូណនតេជោដែលបានបើកពិធីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់វិសេសវិសាលរបស់ប្រជាជាតិខ្មែរ។

ឯកឧត្ដម​ បានជម្រាបជូនប្រជាពលរដ្ឋផងដែរឲ្យលោកបានជ្រាបនិងយល់ដឹងកាន់តែច្បាស់ថែមទៀត អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។

ឯកឧត្ដម​ បានសូមថ្លែងការកោតសរសើរចំពោះក្រុមការងារទាំងអស់ ក្រុមការងារថ្នាក់មូលដ្ឋាន ក្រុមប្រឹក្សាឃុំជយោ មេភូមិ អនុភូមិ សមាជិកភូមិ ទាំង៧ភូមិ ប្រជាការពារដែលបានសហការល្អ ព្រមទាំងបង្កលក្ខណៈងាយស្រួលដើម្បីបានរៀបចំវេទិកាសាធារណៈនេះឡើង ប្រព្រឹត្តទៅដោយរលូន និងភាពសកម្ម។

សូមបញ្ជាក់ថា វេទិកាសាធារណៈនេះ បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយ ស្និទស្នាល និងការយកចិត្តទុកដាក់ខ្ពស់៕