(កំពង់ចាម) នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្ដកំពង់ចាមបានរៀបចំប្រារព្ធពិធីអបអរសាទរទិវាជាតិពិភពលោកឆ្នាំ២០២៤ ក្រោមប្រធានបទ “ទេសចរណ៍ និងសន្ដិភាព” ក្រោមអធិបតីភាព ឯកឧត្តម គន់ សុភា អភិបាលរងខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ គរុសិស្សសាលាភូមិភាគ គរុសិស្សសាលាគរុកោសល្យខេត្ដ យុវជន ស.ស.យ.ក សិស្សមធ្យមសុខាភិបាលភូមិភាគ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅបរិវេណរមណីយដ្ឋាន វប្បធម៌ប្រវត្ដិសាស្ដ្រ ប្រាសាទនគរបាជ័យ ស្ថិតនៅភូមិជង្ហុក ឃុំអំពិលលើ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ឯកឧត្តម គន់ សុភា មានប្រសាសន៍ថា ដើម្បីឱ្យកំណើនភ្ញៀវទេសចរណ៍មកកម្សាន្តក្នុងខេត្តកំពង់ចាម មានការកើនឡើងថែមទៀតនោះ យើងបានផ្តោតពីសារៈសំខាន់ នៃភាពស្អាតរបស់ទីក្រុង និងទីប្រជុំជនសំដៅចូលរួមធ្វើឱ្យបរិស្ថានស្អាត ប្រកបដោយអនាម័យ មានសណ្តាប់ធ្នាប់របៀបរៀបរយ និងការធានានូវសុខសុវត្ថិភាពពេញលេញមានការផ្តល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាពជាដើម។
ឯកឧត្តម អភិបាលរងខេត្ត បន្តថា ការប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកនាថ្ងៃនេះគឺដើម្បីជាការបញ្ជ្រាបការយល់ដឹងឱ្យបានទូលំទូលាយ ស្វែងយល់ពីចំណុចប្រសព្វ នៃទេសចរណ៍ និងការកសាងសន្ដិភាពគូសបញ្ជាក់ពីរបៀប នៃការធ្វើដំណើរ ការផ្លាស់ប្ដូរវប្បធម៌ និងការអនុវត្ដទេសចរណ៍ប្រកបដោយចីរភាព អាចចូលរួមចំណែកដល់ការដោះស្រាយជម្លោះ ការផ្សះផ្សា និងការលើកកម្ពស់សន្ដិភាពទូទាំងពិភពលោកផងដែរ ក្នុងនាមថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ខេត្តកំពង់ចាមសូមអំពាវនាវដល់ប្រតិបត្ដិករទេសចរណ៍ និងប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងការសម្អាតអនាម័យលំនៅដ្ឋាន ផ្សារ ភូមិដ្ឋាន សាលារៀន វត្ដអារាម រមណីយដ្ឋានទេសចរណ៍ តាមអាជីវកម្មរៀងៗខ្លួនឱ្យបានស្អាតល្អដើម្បីបង្ហាញពីភាពស្រស់ស្អាត ជាភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកសម្រាកលំហែរនៅក្នុងខេត្ដកំពង់ចាមឱ្យកាន់តែមានកំណើនជាងបណ្ដាឆ្នាំមុនៗបន្ថែមទៀត។
បើតាមរបាយការណ៍របស់ លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម បានឱ្យដឹងថា ទិវាទេសចរណ៍ពិភពលោកនេះ គឺបានប្រារព្ធឡើងជារៀងរាលឆ្នាំ។ នៅក្នុងឆ្នាំ២០២៤ នេះដែរ ពិភពលោកទាំងមូល បានប្រារព្ធអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ «ទេសចរណ៍ និងសន្ដិភាព» អង្គការទេសចរណ៍សហប្រជាជាតិ ក៏ដូចជា បណ្ដាប្រទេសរដ្ឋជាសមាជិក អង្គការសហប្រជាជាតិអន្តរជាតិ និងដៃគូរអភិវឌ្ឍន៍នានា ដែលបានយកចិត្ដទុកដាក់ខ្ពស់ ទទួលខុសត្រូវលើការអភិវឌ្ឍន៍ កសាង ជាពិសេស កិច្ចសហការភាព ជាដៃគូរជាមួយគ្រប់ស្ថាប័ន ដោយផ្ដោតទៅលើតួនាទីយ៉ាងសំខាន់ នៃកម្លាំងអនុភាព របស់វិស័យទេសចរណ៍ ក្នុងការជំរុញឱ្យមាននូវឱកាសនៃការងារ ឱកាសនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងឱកាសធ្វើឱ្យជីវភាពរស់នៅកាន់តែប្រសើរឡើង សម្រាប់យើងទាំងអស់៕