រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

rithy.khin

សមាគមអាមីកា (AMICA) ស្ថិតនៅភូមិជើងគោក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានចម្ងាយ ៨គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម ទល់មុខ សាលាបឋមសិក្សាភ្នំប្រុស បើធ្វើដំណើរពីក្រុងកំពង់ចាមមកបត់ឆ្វេងពីផ្លូវជាតិលេខ៧​ តាមផ្លូវលំ ប្រហែល១គីឡូម៉ែត្រ ហើយប្រសិនបើធ្វើដំណើរពីទីក្រុងភ្នំពេញមកដល់ទល់មុខសាលាបឋមសិក្សាភ្នំប្រុសបត់ស្តាំប្រហែល១គីឡូម៉ែត្រពីផ្លូវជាតិលេខ៧។ ប្រជាពលរដ្ឋនៅទីនោះប្រកបមុខរបរកសិកម្ម ៨២% ក្រៅពីធ្វើស្រែពួកគាត់មានមុខរបរបន្ទាប់បន្សំមួយទៀត គឺសិប្បកម្មដោយដៃមានដូចជា ត្បាញក្រមា ក្រមាសូត្រ វត្ថុអនុស្សាវរីយ៍ ធ្វើពីត្រឡោកដូង ស្លឹកត្នោត ឬស្សី និងគ្រាប់ធញ្ញជាតិជាដើម។

រមណីយដ្ឋាននាគខ្មៅ មានទីតាំងស្ថិតនៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ រមណីយដ្ឋាននេះ មានចម្ងាយ ៥៩គ.ម ពីក្រុងកំពង់ចាមដោយធ្វើដំណើរតាមផ្លូវរមណីយដ្ឋានភ្នំហាន់ជ័យហើយបន្តដំណើរតាមសាលាស្រុកស្ទឹងត្រង់ឆ្ពោះទៅរមណីយដ្ឋាននាគខ្មៅ ស្ថិតនៅភូមិបែកអន្លូង  យើងនឹងបានឃើញរមណីយដ្ឋាននោះជាពុំខាន។

រមណីយដ្ឋានទំនប់តាកុដមានទីតាំងស្ថិតនៅព្រំប្រទល់ខាងកើតជាប់ភូមិកេះ ឃុំមៀន  ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ តំបន់រមណីយដ្ឋាននេះមានចម្ងាយ  ៣២គ.មពីក្រុងកំពង់ចាម ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៧A ទិសដៅពីខេត្តកំពង់ចាម ទៅរាជធានីភ្នំពេញ បត់ឆ្វេងដៃចូលតាមខ្លោងទ្វារវត្តមង្គលសត្ថារាមឃ្លោយ តាមផ្លូវលំប្រហែល ៦គ.ម ប្រសិនបើធ្វើដំណើរពីក្រុងភ្នំពេញមក យើងក៏អាចបត់ចូលខាងស្តាំដៃ ត្រង់ផ្លូវបំបែកផ្សារព្រៃទទឹងចម្ងាយប្រហែល ៥គ.ម នោះយើងនឹងទៅដល់តំបន់រមណីយដ្ឋានបានយ៉ាងស្រួល។ ទំនប់នេះត្រូវបានកកើតឡើងតាំងពីសម័យប៉ុលពត នៅចន្លោះឆ្នំា១៩៧៥ ដល់ឆ្នំា១៩៧៨ ជាអាងស្តុកទឹកដើម្បីបំរើឱ្យវិស័យកសិកម្មក្នុងរបបនោះ។

រមណីយដ្ឋានបឹងធំមានទីតាំងស្ថិតនៅភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ រមណីយដ្ឋានបឹងធំមានចម្ងាយ ១៤គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។ បើចូលតាមក្លោងទ្វារវត្តក្រឡា ស្រុកកំពង់សៀម ប្រសិនបើធ្វើដំណើរពីទីក្រុងភ្នំពេញមក យើងក៏អាចចូលទៅតាមក្លោងទ្វារវត្តសិក្ខារាមឃ្លោយ ដែលស្ថិតនៅខាងស្តាំដៃ ហើយបន្តដំណើរប្រហែលជា១០គីឡូម៉ែត្រពីក្លោងទ្វារវត្តសិក្ខារាមឃ្លោយ យើងនឹងអាចចូលទៅដល់ភូមិកំពង់សំណាញ ឃុំមៀន  ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ រមណីយដ្ឋាននេះមានភាពទាក់ទាញបែបធម្មជាតិ សម្រាប់ទេសចរជាតិ និងអន្តរជាតិដែលមានបំណងចង់សម្រាកលំហែកាយ បន្ធូរអារម្មណ៍ពីការនឿយហត់ក្នុងការបំពេញការងារ។

កោះប៉ែន គឺជាកោះធំមួយនៅកណ្តាលទន្លេមេគង្គ ភាគខាងត្បូងក្រុងកំពង់ចាម​ វាមាន​ចម្ងាយប្រហែល ៣គ.មពីក្រុងកំពង់ចាម។  សណ្តូកខ្លួនជាច្រើនគីឡូម៉ែត្រនៅតាមដងទន្លេមេគង្គ កោះប៉ែនផ្តល់ជាភូមិកររបស់អ្នកស្រុករាប់រយគ្រួសារដែលកំពុងរស់នៅលើកោះ។ កោះប៉ែន គឺជាគោលដៅទេសចរណ៏បែបសហគមន៍ និងបានបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនតាមដងទន្លេ។  អ្នកស្រុកកោះប៉ែន រស់នៅដោយអាស្រ័យផលដំណាំលើទឹកដីកោះដ៏សម្បូរជីជាតិនេះ  ក្នុងនាមកសិករ ខ្លះជាអ្នកនេសាទ និងខ្លះប្រកបការងារសិប្បកម្មតាមប្រពៃណីពីដូនតា។ ដំណើរឆ្ពោះទៅកាន់ទឹកដីកោះប៉ែន អ្នកស្រុកត្រូវជិះទូកដរឆ្លងនៅរដូវទឹកឡើង  និងឆ្លងតាមស្ពានប្រដីសឫស្សីដ៏វែងអន្លាយកាត់ទន្លេមេគង្គនារដូវប្រាំង។  កោះប៉ែនមានទេសភាពស្រស់បំព្រងនាគ្រប់រដូវកាលមានឆ្នេរខ្សាច់ស្អាតល្អដែលធ្វើឲ្យភ្ញៀវទេសចរពេញចិត្តទៅកម្សាន្ត និងងូតទឹកលេងនៅលើឆ្នេរខ្សាច់នារដូវប្រាំង និងទទួលទានអាហារផងដែរ។

មណ្ឌលកីឡាហែលទឹកតេជោសែន ស្ថិតនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលមានទំហំ ៦៥ម៉ែត្រ x ១២០ម៉ែត្រ ហើយមានអាងហែលទឹកចំនួន២ ដែលកសាង​តាម​ស្ដង់​ដារអន្ដរជាតិ​ គឺ​ទំហំ ២៥ ម៉ែត្រ​គុណ​នឹង ២៥ ម៉ែត្រ​ ជម្រៅ ៥ ម៉ែត្រ និង​មួយ​ទៀត ២៥ ម៉ែត្រ​​គុណ​នឹង ៥០ ម៉ែត្រ ជម្រៅ ២ ម៉ែត្រ។