រដ្ឋបាលខេត្តកំពង់ចាម

ទំនាក់ទំនងម៉ោងការងារ
  • 042 211 212

ព័ត៌មាន

(កំពង់ចាម) កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅយប់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ បានធ្វើរដ្ឋបាលចំហរ ដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។ មន្ត្រីនគរបាលបានអោយដឹងថា កម្លាំងសមត្ថកិច្ច បានធ្វើរដ្ឋបាលចំហ ល្បាត ត្រួតពិនិត្យ តាមដងផ្លូវ ពីសកម្មភាពបង្កដោយក្មេងទំនើង, ក្មេងដែលមានរូបសាក់លើដងខ្លួន និងបទល្មើសផ្សេងៗ កម្លាំងអន្តរាគមន៍ខេត្ត , កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលក្រុង-ស្រុក , និងកម្លាំងតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល គឺអនុវត្តតាមគោលដៅមូលដ្ឋានរៀងៗខ្លួន ។

(កំពង់ចាម) នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នេះ ខណ្ឌរដ្ឋបាលសីលុផលកំពង់ចាមបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចស្រុកបាធាយ បន្តបង្ក្រាបបទល្មើសនេសាទ នៅចំណុចតាមដងទន្លេសាប ភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។ មន្ត្រីជលផលបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង អាជ្ញាធរស្រុកបាធាយ កម្លាំងកងរាជអាវុធហត្ថស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ ដឹកនាំដោយ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការសម្របសម្រួលពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០១ករណីគ្រប់វត្ថុតាមរួមមាន៖ ឧករណ៍លបប្រឹស ១០០ ចំនួន ៨០គ្រឿង កានចំនួន ១២៥កាន ។

នៅរសៀល​ ថ្ងៃទី​៨​ ខែមករា​ ឆ្នាំ​២០២៥​ លោក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម​ បានអញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូនប្រជាការពារភូមិ ក្នុងឃុំកោះរការ ស្រុកកំពង់សៀម ខេត្ដកំពង់ចាម ។

នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ លោក សុខ លឹមហៀង ប្រធានក្រុមការងារគណបក្សចុះជួយឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ លោក ទុន ស៊ាង ប្រធានគណបក្សឃុំពាមកោះស្នា បានអញ្ជើញចូលរួម អបអរខួបអនុស្សាវរីយ៍ លើកទី៤៦នៃទិវាជ័យជម្នះ៧ មករា(៧.មករា.១៩៧៩-៧.មករា.២០២៥) ។ ដោយមានការចូលរួមពីលោក​ លោកស្រី​ សមាជិក​ក្រុមប្រឹក្សាឃុំ​ លោក​ លោកស្រី​ មេភូមិ អនុភូមិ និងសមាជិកភូមិ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងឃុំពាមកោះស្នាសរុបចំនួន៤០៩នាក់។ក្រោយបញ្ចប់ពិធី​ លោក​ សុខ​ លឹមហៀង​ ប្រធានក្រុមការងារ​រួមនឹងសហការី​ បានអញ្ជេីញ​ចុះសួរសុខទុក្ខ​ លោក ហេង ចាន់ណាន ស្មៀនឃុំពាមកោះស្នា​ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ​ ។

នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ បានអញ្ជើញជាអធិបតីពិធីអបអរសាទខួបអនុស្សាវរីយ៍​លើកទី៤៦ ទិវា​ជ័យជំនះ​ ៧មករា​ (ឆ្នាំ​១៩៧៩-២០២៥​ ) នៅឃុំស្វាយទាប ស្រុកចំការលើ ខេត្ដកំពង់ចាម ។ ដោយមានអ្នកចូលរួមពីព្រះសង្ឃ ឯកឧត្តម លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ថ្នាក់កណ្តាល ថ្នាក់ខេត្ត និងថ្នាក់ឃុំ មេភូមិ អនុភូមិ សមាជិកភូមិ នាយក នាយិកា លោកគ្រូ អ្នកគ្រូ ប្រជាការពារភូមិ ពុកម៉ែ មាមីង បងប្អូន កូនក្មួយ ព្រមទាំងសិស្សានុសិស្សចុះមូលសរុបអ្នកចូលរួមចំនួន ៣៤០នាក់ ស្រី ២១០នាក់ ។ ក្នុងឱកាសនោះឯកឧត្ដមមានប្រសាសន៏ថា កត្តាសុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន មានសន្តិភាព មានការអភិវឌ្ឍ មានសន្តិភាព ប្រជាពលរដ្ឋមានឱកាសគ្រប់គ្រាន់ក្នុងការប្រកបរបរផ្សេងៗ ការធ្វើដើរណើរកំសាន្តបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាពិសេសការជួបជុំក្រុមគ្រួសារ សាច់ញាតិ ប្រកបដោយសុខដុមរមនា ក្រោមការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតរបស់ […]

(កំពង់ចាម) ឯកឧត្តមបណ្ឌិត ម៉ា ឈឿន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកជើងព្រៃ និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកព្រឹទ្ធសភានៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីខួបលើកទី ៤៦ នៃទិវាជ័យជំនះ៧មករា (៧ មករា ១៩៧៩-៧ មករា ឆ្នាំ២០២៥) ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅសាលាស្រុកជើងព្រៃ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់ ឯកឧត្តម ជីម លាវ សមាជិកព្រឹទ្ធសភា ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមនិង ឯកឧត្តម លោកជំទាវប្រធានក្រុមការងារ ចុះជួយឃុំ លោក លោកស្រីក្រុមប្រឹក្សាស្រុក លោក លោកស្រី គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ មន្រ្តីរាជការ ក្រុមប្រឹក្សាឃុំ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួន ១.៥៥៥នាក់ ។

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា រហូតដល់ម៉ោង ២០និង២០នាទីយប់ថ្ងៃទី ៧ ខែមករាឆ្នាំ២០២៥កម្លាំងសម្រួលចរាចរណ៍ កម្លាំងចេញល្បាត ត្រួតពិនិត្យនិងក្ដាប់សភាពការណ៍ទូទៅ ក្នុងភូមិសាស្រ្ត ក្រុងកំពង់ចាម សភាពការណ៍សន្តិសុខ មិនមានអ្វីកត់សម្គាល់នោះទេ។ ដោយឡែកចំពោះសភាពការណ៍បទល្មើស វិញក៏មិនមានអ្វីកត់សម្គាល់នោះដែរ ។ សូមបញ្ជាក់ដែរថា កម្លាំងសម្រួលចរាចរណ៍ និងកម្លាំងចេញល្បាតរបស់ អង្គភាពនគរបាលខេត្តអនុវត្តជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ គឺដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ពិសេស ទប់ស្កាត់បញ្ហាបទល្មើសផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ។

(កំពង់ចាម) ដោយមានការចង្អុលណែនាំពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម កម្លាំងអាវុធហត្ថនៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត បាទអនុវត្តចុះធ្វើរដ្ឋបាលចំហរ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្ត បានឲ្យ ដឹងថា កម្លាំងអាវុធហត្ថនៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ចាម បានចុះធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្ត ចាប់ពីម៉ោង២០”០០នាទីថ្ងៃទី៧-១-២០២៥ ដល់ម៉ោង ១”០០ នាទី ព្រឹកថ្ងៃទី៨ -១- ២០២៥ ។ ក្នុងនោះ សកម្មភាពកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ប៉ុន្តែក្នុងការចុះល្បាតនេះមិនមានជួបបញ្ហាអ្វីគួរឲ្យគាត់សម្គាល់នោះទេ។

(កំពង់ចាម) ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មន្ត្រីសុខាភិបាលដ្ឋបាលខេត្ត បានបន្តចុះផ្សព្វផ្សាយអប់រំសុខភាព ជូនប្រជាពលរដ្ឋតាមសហគមន៍ និងសាលារៀន។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា នៅថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២៥ ក្រុមការងារសុខាភិបាលខេត្តកំពង់ចាមបានចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម ។

នៅរសៀលថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញរួមដំណើរជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដោយដីនគររូបនីយកម្ម និងសំណង់ អញ្ជើញចូលរួមក្នុងពិធីបង្សុកូល ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធឧបាសិកា គង់ ខាត់ និងបុព្វការរីជន មានមាតាបិតា ញាតិកាទាំងប្រាំពីរសន្ដាន ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ស្ថិតនៅវត្តសុវណ្ណគីរី (ជើងឆ្នុក) ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម៕