(កំពង់ចាម) សមត្ថកិច្ចចម្រុះ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នេះ បានបង្ក្រាបបទល្មើសនេសាទមួយករណីនៅចំណុចទំនប់រលំពោធិ៍ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បើតាមអភិបាលស្រុកព្រៃឈរ លោក ខេង ម៉េងឈុន បានឲ្យដឹងថា ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកព្រៃឈរ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃឈរ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ កម្លាំងផ្នែកសឹករងព្រៃឈរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន និងសហគមន៍នេសាទសាមគ្គីឃុំមៀន ដោយមានការសម្របសម្រួលពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០១ករណី។ លោកអភិបាលស្រុកបានបញ្ជាក់ថាក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចរឹបអរវត្ថុតាម រួមមាន៖-ឧករណ៍លូស្បៃមុងចំនួន ១៨មាត់ -របាំងស្បៃមុងប្រវែង ២៧០ម៉ែត្រ-បង្គោលចម្រឹងចំនួន ១៩៥ដើម និងបានចាក់លែងត្រីចម្រុះទម្ងន់ ៦៥គីឡូក្រាមផងដែរ ។
បន្ទាប់ពីអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសាខាសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារ ធ្វើការថ្មី នៃស្នងការដ្ឋាននគរបាលខេត្ត ដែលសំណង់ខាងលើសម្រេចការសាងសង់រួចរាល់១០០% ដោយគ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅពេលឆាប់ៗខាងមុខ។
(កំពង់ចាម) មន្ត្រីសុខាភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២៥ នេះ បានបន្តបេសកកម្មរបស់ខ្លួនចុះអប់រំផ្សព្វផ្សាយការថែទាំសុខភាពជូនប្រជាពលរដ្ឋតាមសហគមន៍ក្នុងក្រុងកំពង់ចាម។ តាមមន្ត្រីសុខាភិបាលបានឲ្យដឹងថា ក្រុមការងារសុខាភិបាលខេត្តកំពង់ចាមបានចុះធ្វើការអប់រំសុខភាពតាមសហគមហ៍ និង សាលារៀន អំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ។
(កំពង់ចាម) នៅថ្ងៃទី ០១ ខែ មករាឆ្នាំ២០២៥ នេះ មានករណីភ្លើងឆេះកញ្ច្រាំងស្រូវ ស្ថិតនៅក្នុងភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ លោក ទុន ណេត អភិបាលស្រុកកំពង់សៀមបានឲ្យដឹងថា ករណីអគ្គីភ័យនេះ ក្រោយពេលទទួលបានព័ត៌មានភ្លាមលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលរអាង បានរាយការណ៍ជូនលោកអធិការនគរបាលស្រុកកំពង់សៀម ភ្លាមនោះលោកអធិការនគរបាលស្រុកកំពង់សៀម បានចាត់កម្លាំងអន្តរាគមន៍សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរអាង ចុះទៅពន្លត់ភ្លើងឆេះកញ្ច្រាំងស្រូវនៅដីស្រែ រហូតបានរលត់១០០% ផ្ទៃដីដែលឆេះនោះមានទំហំចំនួនប្រហែល ០៣ហិចតា ដោយពុំមានឆេះសម្ភារ: និងផ្ទះសម្បែងប្រជាពលរដ្ឋទេ ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន។
(កំពង់ចាម)៖ យ៉ាងហោចណាស់មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាង ១០ ម៉ឺននាក់ មកកំសាន្តក្នុងថ្ងៃទី ខែធ្នូឆ្នាំ ២០២៤ ក្នុងខេត្តកំពង់ចាម ដើម្បីចូលរួមកំសាន្តនិងឆ្លងចូលឆ្នាំ២០២៥ នេះ ។ បើតាម លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងថ្ងៃឆ្លងឆ្នាំសកលនេះ មានភ្ញៀវជាតិចំនួន ១០៦,៦៦២នាក់ និងភ្ញៀវអន្តរជាតិចំនួន ១៧០នាក់ មកចូលរួមកំសាន្តនៅក្នុងតំបន់រមណីយដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ លោកប្រធានមន្ទីរបានបញ្ជាក់ផងដែរថា ក្នុងដំណើរកំសាន្តរបស់ព្យាជាតិនិងអន្តរជាតិក្នុងថ្ងៃឆ្លងឆ្នាំសកលនេះ គឺសមត្ថកិច្ចបានរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់បានល្អ ដែលធ្វើឲ្យភ្ញៀវទេសចរណ៍មកកំសាន្តសប្បាយរីករាយ ដោយគ្មានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ៕
(កំពង់ចាម) ក្រុមការចង្អុលណែនាំ របស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម កម្លាំងអាវុធហត្ថនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ចាម បានចុះល្បាត ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្កងចូល ឆ្នាំ២០២៥ នេះ។ បើតាមមន្ត្រីអាវុធហត្ថបានឲ្យដឹងថា ចាប់ពីម៉ោង ២០”០០នាទីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤ ដល់ម៉ោង២”០០ព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ កម្លាំងនៅកងរាជអាវុធហត្ថខេត្ត បានធ្វើសកម្មភាពចេញល្បាត ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព និងសម្រួលចរាចរណ៍ ក្នុងឱកាសឆ្លងឆ្នាំសកល ឆ្នាំ២០២៥ ក្នុងភូមិសាស្ត្រខេត្ត ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋបានសប្បាយរីករាយ ដោយគ្មានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ។
(កំពង់ចាម) មន្ត្រីនគរបាលនៃអធិការរដ្ឋាននគរបាលស្រុកកងមាស នៅថ្ងៃទី៣១ ខែធ្នូឆ្នាំ ២០២៤ នេះ បានចុះអនុវត្តនៃការឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបទមើលគ្រឿងញៀន នៅភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាស។ លោក ភោគ សាវុធ អភិបាល នៃគណ: អភិបាលស្រុកកងមាស បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៩ និង៣០នាទី តាមបញ្ជាលោកវរសេនីយ៍ឯក ជា ជួន ឋានៈអធិការនគរបាលស្រុកកងមាស ចាត់ឲ្យ កម្លាំងផែនការងារប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកងមាសដឹកនាំដោយលោក វរសេនីយ៍ទោ ជួ វុត្ថា ឋាន:អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកងតាណឹង ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទ្បេង វុទ្ធី ហៅទីន ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តនៅចំការស្វាយភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម អំទ្បុងខែវិច្ឆិកា ឆ្នាំ២០២៣ តាមដីកាលេខ២៤៧ឆ-ព្រ ទចុះថ្ងៃទី ២១ខែកុម្ភះ ឆ្នាំ២០២៤ចេញដោយលោក […]