លោក ខ្លូត ចិន្តា«អំពាវនាវឱ្យគ្រូបង្រៀន និងអ្នកអប់រំទាំងអស់ បន្តការអនុវត្តគោលការណ៍អប់រំមូលដ្ឋាន និងខ្លឹមសារអប់រំវប្បធម៌សន្តិភាព ឱ្យបានជ្រួតជ្រាប ដល់សិស្សានុសិស្ស ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀត ដើម្បី កសាងយុវជនជំនាន់ថ្មី»

លោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម អំពាវនាវឱ្យគ្រូបង្រៀន និងអ្នកអប់រំ ទាំងអស់ បន្តការអនុវត្តគោលការណ៍អប់រំមូលដ្ឋាន និងខ្លឹមសារអប់រំវប្បធម៌សន្តិភាព ឱ្យបានជ្រួត ជ្រាបដល់សិស្សានុសិស្ស គ្រប់ភូមិសិក្សា ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀត ដើម្បី កសាងយុវជនជំនាន់ថ្មី ប្រកបដោយភាពរីកចម្រើនលើគ្រប់វិស័យ ។ ថ្លែងយ៉ាងដូច្នេះ នាឱកាស លោកអភិបាលរងខេត្ត អញ្ជើញជា តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងពិធីបើកបវេសនកាលថ្មីនូវសិក្សា២០២៣ ២០២៤ និងទីតាដឹងគុណ ក្រុបង្រៀន ដែលរៀបចំនៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ។ ពិធីនោះ ក៏មានការអញ្ជើញចូលរួម ពីលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង ៣ លោកនាយក នាយិកា នាយករង នាយិការង សាស្ត្រាចារ្យ ព្រមទាំង លោកគ្រូ អ្នកគ្រូ មន្ត្រីចូលនិវត្តន៍ និងក្មួយៗសិស្សានុសិស្ស ជាច្រើននាក់ ផងដែរ ។

ជាមួយនឹងប្រសាសន៍សំដែងនូវសេចក្តីសោមនស្សរីករាយ និងភាពកក់ក្តៅ ចំពោះ ពិធីបើកបវេសនកាលថ្មី និងទិវាដឹងគុណគ្រូបង្រៀន ជាមួយលោកថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័ននានា ព្រមទាំង អ្នកពាក់ព័ន្ធទាំងអស់ ក្នុងនាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត លោក ខ្លូត ចិន្ដា វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹក នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានរៀបចំពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៣-២០២៤ និងទិវាដឹងគុណគ្រូបង្រៀន ដើម្បី ប្រាប់ព័ត៌មានដល់ក្មួយៗ សិស្សានុសិស្សមាតាបិតា ឬអាណាព្យាបាលសិស្សថា ឆ្នាំសិក្សាថ្មី២០២៣-២០២៤ បានមកដល់ហើយ ។ ជាមួយគ្នានោះដែរ លោកអភិបាលរងខេត្ត ក៏សំដែងនូវការស្វាគមន៍ សាកសួរសុខទុក្ខ ដោយក្តីនឹករលឹក និងសូមកោតសរសើរ យ៉ាងស្មោះស្ម័គ្របំផុត ចំពោះ មន្ត្រីអប់រំ នាយក នាយិកា នាយករង នាយិការង លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ក្មួយៗសិស្សានុសិស្ស ទាំងអស់ សមាគមមាតាបិតាសិស្ស គណៈកម្មការគ្រប់គ្រងសាលារៀន ព្រះសង្ឃ អាជ្ញាធរពាក់ព័ន្ធ មន្ទីរ- អង្គភាពជុំវិញខេត្ត អង្គការជាតិ អន្តរជាតិ និងក្មួយៗសិស្សានុសិស្ស ដែលបានខិតខំសិក្សារៀនសូត្រ និង ខិតខំបំពេញការងារតាមភារកិច្ច ស្មារតី ឆន្ទៈ មនសិការខ្ពង់ខ្ពស់ ដើម្បី រួមចំណែកអភិវឌ្ឍន៍វិស័យអប់រំ យុវជន និងកីឡា ឱ្យទទួលបានលទ្ធផលផ្លែផ្កា គួរជាទីមោទនៈ ។ លោកអភិបាលរងខេត្ត ក៏បានចាត់ទុកថា របាយការណ៍ របស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម គឺបានវាយតម្លៃ យ៉ាងត្រឹមត្រូវ អំពីជោគជ័យ លើគ្រប់ផ្នែកវិស័យអប់រំ ចាប់ពីមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សាតាមរយៈ គោលដៅ និងសកម្មភាពចម្បង ដែលបានកំណត់ក្នុងទិសស្លោក «ការអប់រំជាភារកិច្ច របស់យើងទាំងអស់គ្នា» ជ័យជម្នះរបស់វិស័យអប់រំ គឺជាជ័យជម្នះសរុប ដែលរាជរដ្ឋាភិបាល និងប្រជាជនយើងទាំងមូលបានសម្រេច ក្នុងគ្រប់វិស័យដទៃទៀត ។

លោក ខ្លូត ចិន្តា បានលើកឡើងដែរថា ការអប់រំ និងការកសាងធនធានមនុស្ស ត្រូវតែឆ្លងកាត់ការបណ្តុះបណ្តាល ក្នុងសាលារៀន ដែលមានគ្រូបង្រៀន គឺជាអ្នកសម្រួចអនាគតរបស់សិស្ស ជាឪពុកម្តាយទី២ និងជាវិស្វករ ព្រលឹង នៃយុវជនជំនាន់ក្រោយ ។ ប៉ុន្តែ ក៏ត្រូវមានកិច្ចសហការ ពីមាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ មហាជនទូទៅក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូល ផងដែរ ។ ដូច្នេះ មាតាបិតា ឬអាណាព្យាបាលសិស្ស ត្រូវជួយគ្រប់គ្រងអប់រំកូនចៅឱ្យពួកគេ ស្ថិតនៅក្នុងសាលារៀន ស្ថិតក្នុងលំនៅឋាន ស្ថិតក្នុងរង្វង់ នៃការកម្សាន្ត ជាមួយគ្រួសារ មិត្តភក្តិត្រឹមត្រូវ ដើម្បី កុំឱ្យពួកគេ ស្ថិតនៅក្នុងក្រុមក្មេងទំនើង ដើរមិនចូលផ្ទះ មិនចូល សាលារៀន ហើយបង្កបញ្ហានៅតាមទីធ្លាសាធារណៈ ឬសាលារៀន ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសគ្រួសារ និងសង្គមជាតិ ។ ដូចគ្នានោះដែរ កង្វល់រួមរបស់គ្រួសារ របស់រាជរដ្ឋាភិបាល និងរបស់សង្គមជាតិទាំងមូល យើងចាំបាច់ត្រូវរួមគ្នា ដើម្បី ទប់ស្កាត់ និងលុបបំបាត់តាមវិធានការ ដែលមានរួចមក ហើយ គឺទំនាក់ទំនងរវាងសាលារៀន គ្រួសារ និងសង្គមជាតិ តាមរយៈ ការជម្រុញឲ្យកុលបុត្រ កុលធិតារបស់ខ្លួន ខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានពូកែ ដើម្បី កាត់បន្ថយភាពក្រីក្រីក្នុងគ្រួសារ និងជួយពង្រឹងឱ្យកូន ចៅខ្លួន មានការទទួលខុសត្រូវលើខ្លួនឯង ដើម្បី ក្លាយខ្លួនជា «កូនល្អ សិស្សល្អ មិត្តល្អ» នាពេលអនាគត ៕ ដោយ៖ សារ៉ាត