គណះកម្មាធិការសាខា ខេត្តកំពង់ចាម បន្តសហការបិទវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដល់យុវសិស្ស នៃវិទ្យាល័យហ៊ុនសែន ពាមជីកង ចំនួន ៥០នាក់ ដើម្បីក្លាយជា សមាជិកថ្មីនៃយុវជនកាកបាទក្រហមកម្ពុជា


សាខា កក្រក ខេត្តកំពង់ចាម ៖ នៅរសៀល ថ្ងៃចន្ទទី៣០ ខែកញ្ញា ឆ្នាំ ២០២៤ នាសាលប្រជុំអនុសាខាស្រុក ក្រុមប្រតិបត្តិសាខា បានសហការ រៀបចំពិធីសំណេះសំណាល និង បំពាក់កន្សែង ជូនក្មួយ ៗ ជាយុវសិស្ស ចំនួន ៥0 នាក់ នៃ វិទ្យាល័យ ហ៊ុនសែន ពាមជីកង ដើម្បីក្លាយជាសមាជិកថ្មីនៃបណ្តាញយុវជនកាកបាទក្រហមកម្ពុជា បន្ទាប់ពី ក្មួយ ៗ បាន ឆ្លងកាត់វគ្គបណ្តុះបណ្តាលជាមូលដ្ឋាន រួចហើយ កាលពីសប្តាហ៍ទី៣ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ ។
ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស្រី សុភ័ក្ត្រ លេខាធិការសាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តមនាយកសាខា- លោកស្រី ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក – លោក ប្រធានគណះកម្មាធិការ អនុសាខា ស្រុកកងមាស – លោកនាយក នាយករង វិទ្យាល័យ លោកគ្រូ អ្នកគ្រូ ជាទីប្រឹក្សា និង យុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យហ៊ុនសែន ពាមជីកង សរុប ៦៣ នាក់ ។


ក្នុងរបាយការណ៍ស្វាគមន៍, លោក ឡុង ខេង ប្រធានគណះកម្មាធិការអនុសាខាស្រុក បានគូសបញ្ជាក់ ថា សាលាគោលដៅ ក្នុងស្រុកកងមាស សរុប មាន ៣ វិទ្យាល័យ មានទីប្រឹក្សាយុវជន ៦ នាក់ ( ស្រី ១នាក់) និងយុវជន កក្រក ១៥០ នាក់ ( ស្រី ១០២នាក់ ) ។ លោកប្រធានអនុសាខាស្រុក បានបន្តទៀតថា យុវជនកាកបាទក្រហមកម្ពុជា ទាំង ៥០នាក់( ស្រី ៤៤នាក់) នៃវិទ្យាល័យ ហ៊ុនសែន ពាមជីកង នេះ បានទទួលការបណ្តុះបណ្តាលមូលដ្ឋាន រួចហើយ រួមមាន ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ – គោលការណ៍គ្រឹះទាំង ៧ របស់ចលនា- កម្មវិធី គោលនយោបាយអភិវឌ្ឍយុវជនកាកបាទក្រហមកម្ពូជា – មូលដ្ឋានគ្រឹះនៃវិជ្ជាសង្រ្គោះបឋម – ការអប់រំសុខភាពផ្លូវចិត្ត- ការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក – ការពង្រឹងភាពធន់ទៅនឹងអាកាសធាតុ និង ការចូលរួមលើកកំពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ។


ឯកឧត្តម ស្រី សុភ័ក្ត្រ បាននាំយកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណះកម្មាធិការសាខា និង ឯកឧត្តម នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ អង្គពិធីទាំងមូល និង បាននាំយកនូវអនុសាសន៍ទាំង ៧ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ជូនគណ:អធិបតី និងអង្គពិធី ដែលក្នុងនោះ បានក្រើនរំលឹកដល់ក្មួយៗ ជាយុវជន កក្រក ថ្មី ទាំងអស់ ត្រូវតែចូលរួមសកម្មភាពណាដែលមានប្រយោជន៍ដល់សង្គម ខិតខំប្រឹងប្រែងរៀនសូត្រ លត់ដំខ្លួន ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ហើយ ពង្រឹង និង ពង្រីកសមត្ថភាព អោយក្លាយជា ធនធាន មនុស្ស ដែលមានគុណភាព ប្រកបដោយ ទឹកចិត្តមនុស្សធម៌ មានទម្លាប់រស់នៅល្អ មិនជក់បារី មិនសេពគ្រឿងស្រវឹង ដោយត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ហើយស្ម័គ្រចិត្តលះបង់កម្លាំងកាយ ចិត្ត និង ពេលវេលា ធ្វើជាកម្លាំងចលករ និងជាប្រតិបត្តិករ ដ៏ពិតប្រាកដ ពិសេស ត្រូវធ្វើជាយុវជនគំរូ ដល់យុវជនដទៃ ចាប់ពីក្នុងគ្រួសារ សាលា និងសង្គម ហើយ បន្តចែករំលែកនូវអំពើល្អ និងធនធានខ្លួន ទៅកាន់មនុស្សជុំវិញ ដើម្បីរួមចំណែកលុបបំបាត់ ការរើសអើង ការស្អប់ខ្ពើម ជនទីទ័លលំបាក ក្រីក្រ ក្នុងសង្គមជាតិយើង ។
ពិធីនេះ បានបញ្ចប់ បន្ទាប់ពីគណះអធិបតី បានបំពាក់ មួក និងកន្សែង ព្រមជាមួយ ការផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ដល់ ក្មួយៗ យុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យ ទាំង ៥០ រូប រួចមក ៗ