ស្រុកស្រីសន្ធរ,នៅព្រឹកថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ នៅសាលាស្រុកស្រីសន្ធរ។

លោក ប៊ិន ឡាដា អតីតអភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម ត្រូវបានប្រកាសតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ ជំនួសលោក សុីម គង់ ដែលត្រូវទទួលមុខតំណែងថ្មី។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ក្នុងនាមជាអភិបាលស្រុកទើបទទួលភារកិច្ចថ្មី ត្រូវដឹកនាំកងកម្លាំងប្រដាប់អាវុធចំណុះ ទាំងអស់ទូទាំងស្រុក ថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយអនុវត្តតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដែលជាសេចក្តីប៉ងប្រាថ្នារបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា និងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពសុខសាន្ត ក្រោមដំបូលនៃសុខសន្តិភាព។ ជាពិសេសត្រូវមានការសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាព រវាងថ្នាក់លើ និងថ្នាក់ក្រោម ព្រមទាំងមានគំនិតផ្តួចផ្តើម មនសិការ ការងារខ្ពស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងការបម្រើប្រជាពលរដ្ឋ ដោយការយកចិត្តទុកដាក់ខ្ពស់ផងដែរ ។