អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការ កាន់បិណ្ឌវេនទី២ នៅវត្តជ័យគីរី (ភ្នំហាន់ជ័យ) និងវត្តសន្ធររង្សី (ខ្ពបតាងួន)
កំពង់ចាម.នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការ អញ្ជើញចូលរួមរាប់បាត្រក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី២ នៅវត្តជ័យគីរី ហៅវត្តភ្នំហាន់ជ័យ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម និងវត្តសន្ធររង្សី ហៅវត្តខ្ពបតាងួន ស្ថិតក្នុងឃុំខ្ទបតាងួន ស្រុកស្ទឹងត្រង់ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសហការី អញ្ជើញអុចទៀនធូប បូជាផ្កាភ្ញី ដល់ព្រះពុទ្ធបដិមា និងចូលរួមឧទ្ទិស សូមឲ្យដួងវិញ្ញាណក្ខន្ធ បុព្វការីជន ដែលបានយោនយកកំណើត កើតនៅក្នុងទីឋាន ដ៏ខ្ពង់ខ្ពស់ សូមងាកបែក្រោយឲ្យពរជ័យដល់កូន ចៅ បានសេចក្តីសុខ សេចក្តីចម្រើន ជាពិសេស សូមឲ្យបារមីស័ក្ដិសិទ្ធិ នៅក្នុងលោកក៏ដូចជា បារមី នៅវត្តជ័យគីរី និងវត្តសន្ធររង្សី សូមជួយបីបាច់ថែរក្សា សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៌ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជា រក្សាបាននូវសន្តិភាព ស្ថេរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍរីកចំរើនថ្មីៗបន្ថែមទៀត ដើម្បីជាសេចក្តីសុខសេចក្តីចម្រើន របស់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស។ រួមជាមួយនោះ ឯកឧត្ដម អភិបាលខេត្ត ក៏សូមឧទ្ទិសនូវមហាកុសលផលបុណ្យ សូមឲ្យបានដល់វិញ្ញាណក្ខន្ធ វីរៈកម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិត ដើម្បី បុព្វហេតុជាតិ មាតុភូមិ នៃយើងផងដែរ ។
នាឱកាស ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី២ នៅក្នុងវត្តទាំង ២ខាងលើ នេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា និងសហការី បាននាំយកទេយ្យទាន និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដោយក្នុង ១វត្ត មាន ៖ អង្ករ ១០០គីឡូក្រាម ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស ត្រីខ ១កេស ទឹកត្រី ៥កេស ទឹកស៊ីអ៊ីវ ៥កេស មី ១កេសធំ ទឹកដោះគោខាប់ ១កេសធំ ស្ករស ៥គីឡូក្រាម តែ ៥គីឡូក្រាម និងបច្ច័យ ចំនួន ៣លាន ១៨០ម៉ឺនរៀល ។ ដោយឡែក ព្រះសង្ឃ ៧អង្គ ក្នុង ១អង្គៗ ទេយ្យវត្ថុ ចំនួន ១សម្រាប់ បច្ច័យ ១០ម៉ឺនរៀល ចង្ហាន់ ១ស្រាក់ និងផ្លែឈើ ១កន្ត្រក ផងដែរ ។
សូមរំលឹកថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិខ្មែរយើងដ៏ធំមួយ ក្នុងចំណោមបុណ្យជាច្រើន ដែលប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជា តែងតែប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ ។ បុណ្យនេះ ចាប់ផ្តើមពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ។ យ៉ាងណាមិញ នៅថ្ងៃបុណ្យកាន់បិណ្ឌ និងថ្ងៃភ្ជុំបិណ្ឌឈានចូលមកដល់ម្ដងៗ គេសង្កេតឃើញ បងប្អូនប្រជាជនខ្មែរ ដែលនិយម និងជាអ្នកកាន់ភ្ជាប់នូវព្រះពុទ្ធសាសនា តែងតែនាំគ្នាយកចង្ហាន់ ទេយ្យទានផ្សេងៗ មាន ៖ ម្ហូប អាហារ នំ ចំណី ជាដើម ទៅវេរប្រគេព្រះសង្ឃ នៅតាមទីអារាមនានា ដើម្បី ឧទ្ធិសមគ្គផល និងគុណូប្បការៈគុណ ទៅដល់បុព្វការីជន អ្នកមានគុណ មាតា បិតា ជីដូន ជីតា ដែលបានចែកដ្ឋាន រំលាយកាយ ទៅកាន់បរលោកខាងមុខ ផងដែរ ៕