អភិបាលខេត្តកំពង់ចាម អញ្ជើញកាត់បើកស្រោមប្រធានវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ ២០២៤
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញកាត់បើកស្រោមប្រធានវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ នាសម័យប្រឡង ថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤នេះ នៅវិទ្យាល័យព្រះសីហនុ (ជើង) ស្ថិតក្នុងក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ ស ស យ ក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជូនពរដល់បេក្ខជនទាំងអស់ សូមឱ្យមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ជាពិសេស ទទួលបានលទ្ធផលល្អ ក្នុងការប្រឡងជាប់ និងជោគជ័យ ពោលគឺត្រូវខិតខំឱ្យអស់ពីសមត្ថភាព និងខិតខំប្រឹងប្រែងសរសេរ ដើម្បីសន្សំ យកនិទ្ទេសល្អ និងដើម្បីឈានទៅដល់ទទួលបានអាហាររូបករណ៍ បន្តទៅរៀននៅមហាវិទ្យាល័យបន្ថែមទៀត។
ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានលេីកទឹកចិត្តដល់បេក្ខជនទាំងអស់ សូមកុំឱ្យមានការភ័យខ្លាចអ្វីឡើយ ត្រូវតាំងអារម្មណ៍ធម្មតា ឱ្យដូចពេលកំពុងសិក្សានាពេលកន្លងមក ព្រោះមានកងកម្លាំងសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈនៅជុំវិញមណ្ឌលប្រឡងទាំង ១៤មណ្ឌលក្នុងខេត្តកំពង់ចាម ចំពោះការទទួលផ្ញើទោចក្រយានយន្ត កង់-ម៉ូតូ ជូនដល់បេក្ខជន និងសិស្ស ដោយមិនតម្រូវឱ្យបង់ប្រាក់ឡើយ។
បើតាមរបាយការណ៍ របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងសម័យប្រ ឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នេះ សម្រាប់ខេត្តកំពង់ចាម មានបេក្ខជន សរុប ចំនួន ៨៩៨២នាក់ ដោយបែងចែកមណ្ឌលប្រឡងចំនួន ១៤មណ្ឌល ស្មើនឹង ៣៦១បន្ទប់។ ដោយនៅក្នុងក្រុងកំពង់ចាម មានចំនួន ១០មណ្ឌល គឺនៅវិទ្យាល័យព្រះសីហនុ (ជើង) វិទ្យាល័យព្រះសីហនុ (ត្បូង) វិទ្យាល័យដីដុះ វិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បឹងកុក សាលាបឋមសិក្សាឧត្តរ សាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត មជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម អនុវិទ្យាល័យទួលថ្ម សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្តកំពង់ចាម សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារសាខាខេត្តកំពង់ចាម។ ដោយឡែកនៅស្រុកកំពង់សៀមមាន ២មណ្ឌល គឺនៅអនុវិទ្យាល័យអង្គរ និងវិទ្យាល័យសម្តេចជួនណាត នៅស្រុកជើងព្រៃមាន ២មណ្ឌល គឺនៅវិទ្យាល័យ ហ៊ុនសែនស្គន់ និងសាលាបឋមសិក្សា ហ៊ុន សែនស្គន់ ផងដែរ ៕