ខេត្តកំពង់ចាម, នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានចាត់អោយ ឯកឧត្តម ស្រី សុភ័ក្ត្រលេខាធិការសាខា រួមជាមួយព្រះវត្តមាន ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីព្រះមេគណខេត្ត អមដំណើរដោយ ព្រះមន្ត្រីសង្ឃ នៃសាលាគណខេត្ត សាលាអនុគណស្រុក ឯកឧត្តមនាយកសាខា រួមជាមួយ លោក ទន់ ណេត ប្រធានកិត្តិយសអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បាននិមន្ត និងអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូន ២ គ្រូសារ ៖
១- ឈ្មោះថន ចាន់ថុន អាយុ៤៥ឆ្នាំ ជាកសិករ មានបន្ទុក ៦នាក់
២- ឈ្មោះសែ ឈុន អាយុ ៥៦ ឆ្នាំ ជា កសិករ មានបន្ទុក ៤នាករស់នៅភូមិបន្ទាយថ្ម ឃុំអំពិល ស្រុកកំពង់សៀម ដែលរងគ្រោះដោយអគ្គីភ័យ មូលហេតុ ឆ្លងចរន្តអគ្គិសនី ធ្វើអោយ ផ្ទះឈើ ប្រក់ក្បឿង និង សង្កសី ២ខ្នង ( ទំហំ ៥ម×១០និង ទំហំ ៥ម×៧ម ) ត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង ។ ហេតុការណ៍នេះ កើតឡើង កាលពីម៉ោង២ រសៀល ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥ ។
ឯកឧត្តម ស្រី សុភ័ក្ត្រ ក្នុងនាម ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានសម្តែងការសោកស្តាយជាពន់ពេក ជាមួយជនរងគ្រោះ ចំពោះ ឧបត្តិហេតុដែលកើតឡើងស្មានមិនដល់នេះ នាំអោយខូចខាតទាំងលំនៅដ្ឋាន បាត់បង់ទាំងទ្រព្យសម្បត្តិ លុយកាក់ ឯកសារផ្ទាល់ខ្លួនផ្សេងៗ ក៏ឆេះអស់គ្មានសល់ ។
ឯកឧត្តម លេខាធិការសាខា ក៏បាននាំយកនូវ បណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេស ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច លោកតែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬ សាសនា អ្វីឡើយ ហើយ ទោះបីជា សម្តេចប្រធាន មិនបានអញ្ជើញមកដោយផ្ទាល់ ក៏ សម្តេច លោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។
ឯកឧត្តម ស្រី សុភ័ក្ត្រ បានក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋទាំងអស់ អោយប្រុងប្រយ័ត្នជាប្រចាំ អំពីគ្រោះមហន្តរាយនានា ក្នុងរដូវរំហើយនេះ ពិសេស គ្រោះអគ្គីភ័យ ដែលអាចកើតមាន គ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស ។ ហេតុនេះ មុននឹងចេញពីផ្ទះ ត្រូវពន្លត់ភ្លើងចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេស ការ ត បណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញ មករៀបចំភ្ជាប់ចរន្តទៅតាមបទដ្ឋាន បច្ចេកទេសអោយបានត្រឹមត្រូវ ។ ជាមួយនោះ ត្រូវពង្រឹងស្មារតីទប់អារម្មណ៍ ខិតខំប្រឹងប្រែងរកស៊ីសន្សំលុយកាក់ បង្កើនប្រាក់ចំណូលសារជាថ្មី ដើម្បីសង់ជម្រកស្នាក់នៅឡើងវិញ ពិសេស ត្រូវយកចិត្តទុកដាក់ ថែទាំសុខភាពអោយបានល្អ តាមវិធានអនាម័យស្អាត ៣យ៉ាង និងសុវត្ថិភាពផ្ទាល់ខ្លួន អោយបានខ្ជាប់ខ្ជួន ហើយចូលរួមជាមួយសហគមន៍ ដើម្បីពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។
អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនជនរងគ្រោះទាំង ២គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ៥០គក្រ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ,មី២កេស ,តង់ធំ២ ,ឃីត ២ ( មុង ភួយ សារុង ក្រម៉ា ) , អាវយឺត ១០ , សម្ភារៈដំណេក សម្ភារ ផ្ទះបាយ និង ថវិកាចំនួន ១,០០០,០០០រៀល ។
ដោយឡែក ព្រះមេគណខេត្ត សាលាអនុគណស្រុក អនុសាខាស្រុក និង សប្បុរសជន បានចលនារួមគ្នាជួយឧបត្ថម្ភជនរងគ្រោះទាំង ២គ្រួសារ ក្នុង ១គ្រួសារ ទទួលបានបន្ថែម ៖ អង្ករ ២០០គក្រ គ្រឿងឧបភោគ បរិភោគ ភេសជ្ជ: និង បច្ច័យសរុប ចំនួន ២,២៨៥,០០០រៀល ផងដែរ។








